ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា ឥណ្ឌូនេស៊ីមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ចំនួន ១០៣១នាក់ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនឡើងដល់ ៤១៤៣១នាក់ និងបានវ៉ាដាច់ប្រទេសសិង្ហបុរីដែលធ្លាប់ជាប្រទេសមានអ្នកឆ្លងជំងឺ ខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍។
មន្ត្រីក្រសួងសុខាភិបាលលោក Achmad Yurianto បានមានប្រសាសន៍ថា នៅថ្ងៃពុធនេះមានមនុស្សស្លាប់ចំនួន ៤៥នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកស្លាប់ក្នុងប្រទេសសរុបកើនឡើងដល់ ២២៧៦នាក់។ ប្រទេសឥណ្ឌូនេស៊ីមានចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លងខ្ពស់បំផុតនៅអាស៊ីបូព៌ា។
ប្រទេសឥណ្ឌូនេស៊ីមានអ្នកឆ្លងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែអាជ្ញាធរចាប់ផ្តើមបន្ធូរបន្ថយវិធានការរក្សាគម្លាតនៅក្នុងរដ្ឋធានី Jakarta និងបណ្តាទីក្រុងដទៃទៀតដើម្បីស្តារសេដ្ឋកិច្ចឡើងវិញដែលបណ្តាលមកពីការរាតត្បាតមេរោគកូវីដ-១៩។ លោកប្រធានាធិបតី Joko Widodo និងមន្ត្រីដទៃទៀតបានអំពាវនាវឱ្យមានវិធានការដើម្បីទប់ស្កាត់រលកនៃការឆ្លងលើកទី២ និងបានព្រមានថានឹងអនុវត្តច្បាប់រក្សាគម្លាតម្តងទៀតដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល។
រូបតំណាង
កោះជ្វាខាងកើតដែលជាទីក្រុងធំជាងគេទី២ របស់ប្រទេសនេះគឺទីក្រុង Surabaya និង Sulawesi ភាគខាងត្បូង កំពុងមានការផ្ទុះឡើងនៃការឆ្លងជំងឺ។ កោះជ្វាខាងកើតដែលមានប្រជាជនប្រមាណ ៤០លាននាក់គេឃើញថាមានអ្នកឆ្លងកើនឡើងពី ២២៥នាក់ ទៅ ៨៥៣៣នាក់ និងមានអ្នកស្លាប់រហូតដល់ទៅ ៦៥១នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post