លោកឧត្តមសេនីយ៍ឯក Damrongsak Kittiprapas ជំនួយការអគ្គស្នងការនគរបាលជាតិបានធ្វើការព្រមានយ៉ាងតឹងរ៉ឹងកាលពីថ្ងៃអង្គារទៅលើក្រុមអ្នកជិះម៉ូតូនៅលើផ្លូវក្នុងទីក្រុងបាងកកនិងខេត្តមួយចំនួនបន្ទាប់ពីរដ្ឋាភិបាលបានដកបម្រាមគោចរពេលយប់កាលពីថ្ងៃអាទិត្យ។
កាលពីថ្ងៃចន្ទនាយករដ្ឋមន្រ្តីលោក ប្រាយុធចាន់អូចា បានចេញសេចក្តីព្រមានមួយដោយនិយាយថា រដ្ឋាភិបាលនឹងដាក់ចេញបម្រាមគោចរពេលយប់វិញ ប្រសិនបើប្រជាជនមិនបានសហការជាមួយវិធានការទប់ស្កាត់មេរោគកូវីដ-១៩។ តាមរបាយការណ៍បានឱ្យដឹងថា ក្រុមអ្នកជិះម៉ូតូបានប្រមូលផ្តុំគ្នាប្រណាំងម៉ូតូដោយខុសច្បាប់នៅតាមផ្លូវនាយប់ថ្ងៃអាទិត្យក្រោយពេលបម្រាមគោចរទើបតែផ្អាក។ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងអំពីការប្រណាំងម៉ូតូតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងបាងកកនិងខេត្តមួយចំនួន។
រូបតំណាង
តាមប្រភពប៉ូលិសបានឱ្យដឹងថា ៦នាក់ក្នុងចំណោមពួកគេជាអ្នកមកពីខេត្ត Songkhla។ អ្នកប្រណាំងទាំងនោះមានអាយុចន្លោះពី ១៥ ដល់ ១៨ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទរំខានដល់សន្តិសុខសង្គម ហើយម៉ូតូរបស់ពួកគេត្រូវបានរឹបអូស។ លោក Damrongsak បានបន្ថែមថា អ្នកប្រណាំងម្នាក់ត្រូវតែទទួលពិន័យជាប្រាក់ចំនួន ១០០០បាត ខណៈដែលក្នុងចំណោមនោះមាន ៣នាក់ ត្រូវបង់ប្រាក់ពិន័យបន្ថែមចំនួន ៥០០បាតព្រោះមិនមានប័ណ្ណបើកបរ។ ឪពុកម្តាយរបស់អ្នកបើកបរក៏តម្រូវឱ្យបង់ពិន័យជាប្រាក់ចំពោះការអនុញ្ញាតឱ្យក្មេងជំទង់ចេញទៅក្រៅនៅពេលយប់ផងដែរ។
កែសម្រួលសដោយ៖ ភារ៉ា
ប្រភព៖ bangkok post