
ភ្នំពេញ៖ ជាមួយដំណឹងលេចឮកាលពីថ្មីៗនេះ ពាក់ព័ន្ធការសម្រចចិត្តចាកចេញពីផលិតកម្មរស្មីហ្សងមាស មកជ្រកកោនក្នុងផលិតកម្មក្មេងខ្ចី ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ពីសំណាក់កំពូលតារាចំរៀង លោក ព្រាប សុវត្ថិ បានធ្វើឲ្យប្រិយមិត្តស្ទើរតែទូទាំងប្រទេស មានការភ្ញាក់ផ្អើលជាខ្លាំង ពិសេសចង់ដឹងថា ហេតុផលអ្វីបានជាធ្វើឲ្យកំពូលតារាចំរៀងរូបនេះ សម្រេចចិត្តចាកចេញពីទ្រនំដែលចំណាយពេលជាង ២០មកហើយ។
ដើម្បីបញ្ចប់មន្ទិលសង្ស័យទៅកាន់ប្រិយមិត្ត ឆ្លៀតក្នុងឱកាសចូលរួមពិធីសន្និសីទកាសែតរៀបចំដោយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា ប្រារព្ធធ្វើនៅរាត្រីថ្ងៃអង្គារ៍ ទី ២៥ សីហានេះ លោក ព្រាប សុវត្ថិ បានបង្ហាញអារម្មណ៍រំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកផលិតកម្មរស្មីហង្សមាស និងអតីតក្រុមការងារទាំងអស់ ដែលលោកធ្លាប់មានអនុស្សាវរីយ៍ធ្លាប់ធ្វើការជាមួយគ្នាជាច្រើន ដោយលោកបានត្រឹមបកស្រាយយ៉ាងខ្លាំងថា មូលហេតុលោកឈានជើងចាកចេញពីទ្រនំចាស់ គឺលោកមិនមានទំនាស់អ្វីជាមួយអ្នកសិល្បៈដូចគ្នានោះឡើយ។ លោក ព្រាប សុវត្ថិ បន្តថា មូលហេតុចម្បងលោកសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra គឺលោកចង់ផ្លាស់ប្ដូរបទពិសោធន៍ជាមួយនឹងអ្វីដែលថ្មីនៅក្នុងវិស័យសិល្បៈប៉ុណ្ណោះ។
ទោះជាផ្លាស់ចេញពីទ្រនំចាស់ មកកាន់ទ្រនំថ្មីក៏ពិតមែន ប៉ុន្តែតារាចម្រៀងជើងចាស់រូបនេះ នៅតែសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងព្យាយាមកាន់តែខ្លាំងក្នុងការជួយជ្រោមជ្រែង លើកស្ទួយវិស័យសិល្បៈឲ្យកាន់តែរីកដុះដាលក្នុងប្រទេសកម្ពុជា ដើម្បីប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀត៕
ដោយ៖ ឧស្សាហ៍