Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រះសង្ឃបម្រើព្រលឹង

ថ្ងៃសម្រាកពីការងារជាងមួយសប្តាហ៍នេះមនុស្សម្នានាំគ្នាដើរលេងគ្រប់ទីកន្លែងទាំងអស់ ហើយខ្ញុំក៏ទៅតាមគេដែរ។ គ្នាយើងមានគ្នា 4 នាក់ បន្ទាប់ពីដើរលេងតាមរមណីយដ្ឋាននានានៅក្នុងខេត្តរបស់យើងហើយ ពួកយើងក៏សម្រេចទៅតាមគេតាមឯងនៅខេត្តមណ្ឌលគិរី។ 

នៅទីនេះមនុស្សម្នាអញ្ជើញមកលេងច្រើនកុះករគួរឱ្យភ្ញាក់ផ្អើល រហូតដល់ផ្ទះសំណាក់ និងសណ្ឋាគារតូចធំ ពេញទាំងអស់ ភ្ញៀវជាច្រើនរកកន្លែងគេងមិនបានក៏នាំគ្នាទៅគេងនៅវត្តក៏មាន។ ប្រហែលជាយើងទៅយឺតជាងគេបន្តិចទើបសូម្បីតែនៅតាមបណ្ដាវត្តក៏មិនមានកន្លែងគេងគ្រប់គ្រាន់ផង ដូច្នេះហើយទើបពួកយើងសម្រេចចិត្តជួលម៉ូតូកង់បីមួយអាចនាំចេញមកផ្ទះរបស់អ៊ុស្រីសុនីដែលនៅតំបន់ព្រៃភ្នំមួយកន្លែង។ ខ្ញុំមិនសូវស្គាល់ទីតាំងភូមិសាស្ត្រនៃតំបន់នេះទេដូច្នេះហើយក៏មិនដឹងថាខ្លួនឯងនៅកន្លែងណាដឹងត្រឹមថាអាកាសធាតុនៅទីនេះពិតជាបរិសុទ្ធត្រជាក់គួរឱ្យចង់រស់នៅណាស់។ ចឹងបានមកដល់ផ្ទះរបស់អ៊ុសុនី តែដោយសារសុនីមិនបានប្រាប់គាត់មុនព្រោះគ្មានគម្រោង ទើបពេលមកដល់យើងមិនឃើញមានវត្តមាននៅណានៅផ្ទះទេ ដែលបញ្ជាក់ថាគាត់ក៏បានទៅដើរកម្សាន្តនៅទីកន្លែងណាមួយបាត់ទៅហើយ។ ដោយសារមេឃល្ងាចទៅហើយយើងត្រូវការកន្លែងសម្រាប់សម្រាកព្រោះអស់កម្លាំងពីថ្ងៃពេកអ្នករត់កង់បីក៏ណែនាំឲ្យយើងទៅសម្រាកនៅវត្តមួយកន្លែងកណ្ដាលព្រៃស្ងាត់ដែលមិនសូវមានអ្នកទៅដល់។ បរិស្ថានជុំវិញវត្តនេះ គឺជាព្រៃ ដែលពេលនេះវាគ្រប់ដណ្ដប់ទៅដោយភាពងងឹតសូន្យសុង។ 

មួយសន្ទុះក្រោយមកមានព្រះសង្ឃវ័យក្មេងពីរអង្គបានចេញមកទទួលហើយបន្ទាប់ពីយើងសុំការអនុញ្ញាតសម្រាប់ទីនេះ ព្រះអង្គបាននាំយើងទៅព្រះវិហារចាស់មួយ។ ថ្វីបើក្រុមយើងសុទ្ធតែជាកូនអ្នកធូរធារប៉ុន្តែក្នុងដំណាក់កាលនេះហើយវាជាការផ្សងព្រេងដែលតម្រូវឱ្យបត់បែនទៅតាមកាលៈទេសៈចូលស្ទឹងតាមបទ។ យើងនិយាយគ្នាលេងមួយសន្ទុះដោយពន្លឺភ្លើងទៀន។ ការគ្មានអគ្គិសនីនេះវាបានជួយយើងនិយាយគ្នាបានច្រើនជាងរាល់ដង ដែលតែងតែកាន់ទូរសព្ទម្នាក់មួយមិនសូវមានទំនាក់ទំនងដោយផ្ទាល់មាត់ជាមួយគ្នា។ ប្រហែលជាមួយម៉ោងក្រោយមកពួកយើងទៅចូលមុងដែលព្រះសង្ឃបានរៀបចំឱ្យ ដោយខាងស្រីគេងក្នុងមុងជាមួយស្រីគ្នាគេ ឯខ្ញុំគេងមុងជាមួយវឌ្ឍនា។ មិនបានមួយម៉ោងផងក៏ស្ងប់ស្ងាត់ទៅ បង្ហាញថា គ្រប់គ្នាបានគេងលក់ស្កប់ស្កល់ទៅហើយ នៅតែខ្ញុំចេះតែរសាប់រសល់ដូចជាមិនមានសញ្ញាថានឹងគេងលក់ទាល់តែសោះ។ ខ្ញុំសម្លឹងមើលទៅព្រះចន្ទមានពន្លឺទៅលើមេឃ បង្ហាញពណ៌ខៀវខ្មៅដែលមិនសូវជាភ្លឺប៉ុន្មាននោះទេ។ ភ្លាមនោះ ខ្ញុំដូចជាឃើញនរណាម្នាក់កំពុងតែដើរយ៉ាងលឿនតម្រង់ទៅខាងជើងហើយក៏ដើរចូលទៅក្នុងព្រៃបាត់ស្រមោលឈឹង។ ខ្ញុំមិនមែនព្រឹលភ្នែកទេ គឺឃើញជាក់ប្រាកដច្បាស់ណាស់ ហើយធ្វើឱ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង។ រូបរាងដែលបានដើរយ៉ាងលឿនអម្បាញ់មិញនេះ គឺជាព្រះសង្ឃមួយអង្គ តែខ្ញុំមិនអាចឃើញភ័ក្ត្ររបស់ព្រះអង្គព្រោះមើលពីក្រោយខ្នង។ ប្រហែលជាព្រះអង្គទៅធ្វើពិធីអ្វីមួយនៅក្នុងព្រៃទេដឹង? ខ្ញុំកាន់តែឆ្ងល់ហើយក៏ងើបចេញពីមុង។ ខ្ញុំដើរតាមគន្លងដែលព្រះអង្គមន្តអម្បាញ់មិញនេះ។ ក្រលេកមើលទៅឆ្ងាយទើបឃើញព្រះអង្គកំពុងតែដើរយ៉ាងលឿនហាក់ដូចជាមិនខ្លាចបុកអ្វីទាល់តែសោះ។ អ្វីដែលគួរឱ្យខ្ញុំឆ្ងល់បំផុតនោះគឺ ព្រះអង្គមិនបានកាន់ពិល ឬចង្កៀងអ្វីឡើយ គឺដើរចូលទៅក្នុងទីងងឹតយ៉ាងគួរឱ្យចម្លែក។ ខ្ញុំប្រញាប់ដើរតាមលោក តែវារងការពិបាកដោយសារមានបន្លាជាច្រើនទាក់ខោរបស់ខ្ញុំ តែខ្ញុំក៏ព្យាយាមទៅមុខឱ្យលឿនតាមតែអាចធ្វើទៅបាន។ 

មកដល់វាលធំមួយ ខ្ញុំអាចមើលឃើញគ្រាន់បើដែលពន្លឺព្រះចន្ទជះពីលើមេឃមក តែវាធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ថាព្រឺសំបុរភ័យខ្លាចព្រោះនៅទីនេះមិនមានមនុស្សសូម្បីតែម្នាក់ ព្រះសង្ឃមួយអង្គនោះកំពុងគង់លើដុំថ្មមួយដុំ ហើយហាក់ដូចជាសូត្រស្មូតអ្វីម្យ៉ាងមួយសន្ទុះក៏ចាប់ផ្ដើមទេសនាវិញម្ដង។ ខ្ញុំស្រាប់តែឮសំឡេងមនុស្សយំខ្សឹកខ្សួលតិចៗ តែទោះជាខ្ញុំព្យាយាមរកមើលយ៉ាងណា ក៏មិនឃើញមនុស្សម្នាក់ណាឡើយនៅបរិវេណនេះ ក្រៅពីព្រះអង្គដែលកំពុងតែគង់លើដុំថ្មតែមួយអង្គឯងគត់។ 

មួយភ្លែតនោះ ខ្ញុំស្រាប់តែឃើញដូចជាផ្សែងសក្រាស់ វិលវល់ជុំវិញបរិវេណនេះ ហើយក្រោយពីខ្ញុំសម្រេចថានឹងត្រឡប់ទៅវិញដោយភ័យខ្លាំងពេក ស្រាប់តែជើងខ្ញុំជាន់ទៅលើកូនដុំថ្មតូចមួយបណ្ដាលឱ្យដួលអុកគូទ ហើយខ្ញុំក៏ស្រែកឡើង។ ផ្សែងសទាំងនោះស្រាប់តែហោះសំដៅមកខ្ញុំ ហើយខ្ញុំព្យាយាមរត់យ៉ាងលឿនតាមដែលអាចធ្វើបាន តម្រង់មកវត្តវិញ។ មិនខ្វល់ថាខ្ញុំត្រូវជាន់បន្លាមុតជើងឈាមហូររហាមយ៉ាងណាក៏ដោយ ប៉ុន្តែការភ័យបានដេញខ្ញុំឱ្យរត់បន្តដោយគ្មានខ្វល់ពីការឈឺចាប់។ ខ្ញុំឮសំឡេងស្រែកពីក្រោយខ្នងខ្ញុំដែលដឹងច្បាស់ថាជាសំឡេងព្រលឹងខ្មោចទាំងនោះ។ មួយសន្ទុះក្រោយមកខ្ញុំបានរត់មកដល់ក្នុងវត្តវិញហើយបានស្រែកយ៉ាងខ្លាំងដើម្បីឱ្យព្រះសង្ឃទាំងឡាយចេញមកជួយខ្ញុំ។ នេនប្រាំអង្គ ព្រះសង្ឃមួយចំនួននិងចៅអធិការវត្តដ៏ចំណាស់បានចេញមក និងសម្ដែងការងឿងឆ្ងល់ ព្រមទាំងមិត្តរបស់ខ្ញុំទាំងបីនាក់ងើបឡើងទាំងស្លន់ស្លោដែរ។ ខ្ញុំបានរ៉ាយរ៉ាប់រឿងរ៉ាវគ្រប់យ៉ាងឱ្យចៅអធិការវត្តបានជ្រាប ហើយលោកក៏មានសង្ឃដីកាថា ព្រះសង្ឃមួយអង្គដែលខ្ញុំបានឃើញនោះគឺពិការភ្នែកព្រះនេត្រទាំងគូមិនអាចមើលឃើញតាំងពីតូចមកម្ល៉េះតែព្រះអង្គមានទេពកោសល្យពិសេសដែលអាចស្មូត និងទេសនាបានដែលនរណាទាំងឡាយដែលបានស្ដាប់រឿងរាវរបស់ព្រះអង្គ តែងតែហូរទឹកភ្នែកជានិច្ច។ ព្រះអង្គសង្ស័យជាច្រើនថ្ងៃមកហើយនូវការបាត់ខ្លួនពីកុដិរៀងរាល់យប់របស់ព្រះអង្គពិការព្រះនេត្រ ពេលនេះបានដឹងច្បាស់ហើយថា ព្រលឹងខ្មោចដែលប្រហែលជាពួកខ្មោចដែលបានស្លាប់ដោយគេប្រហារកាលពីជំនាន់ប៉ុលពត បាននិមន្តព្រះអង្គទៅសូត្រទេសនានៅទីវាលដែលគេសម្លាប់ពួកគាត់។ មិនមែនជាករណីថ្មីទេ កន្លងមកក៏ធ្លាប់មាននេនក្មេងៗ បានជួបនឹងព្រលឹងទាំងនោះផងដែរ ដោយព្រលឹងទាំងនោះហាក់ដូចជាមិនដឹងថាខ្លួនឯងបានស្លាប់ទៅហើយទេ។ 

អធិការវត្តបានបង្គាប់ឱ្យព្រះសង្ឃទាំងអស់ក្នុងវត្តធ្វើដំណើរជាបន្ទាន់ទៅទីតាំងកើតហេតុនោះ។ ខ្ញុំ និងមិត្តទាំងបីនាក់របស់ខ្ញុំក៏បានទៅជាមួយដែរ ដោយមិនហ៊ាននៅវត្តព្រោះខ្លាច។ នៅទីនោះយើងឃើញដីវាលមិនមានមនុស្សសូម្បីតែម្នាក់ តែព្រះសង្ឃដែលពិការព្រះនោះក៏នៅតែអង្គុយលើដុំថ្មក្នុងកាយវិការដដែល។ ចៅអធិការវត្តបានសូត្រធម៌ព្រមជាមួយនឹងព្រះសង្ឃទាំងអស់ ហើយយើងក៏បានឮសម្រែកស្រែកយំដោយក្តីឈឺចាប់កងរំពងពេញព្រៃគួរឱ្យសង្វេក និងព្រឺក្បាល។ សំឡេងស្រែកនោះបានបន្តរាប់ម៉ោង តែក្រោយមកក៏ស្ងាត់ទៅវិញអស់។ លោកចៅអធិការវត្តមានសង្ឃដីកាថា ព្រះសង្ឃពិការព្រះនេត្រកំពុងតែមានគ្រោះថ្នាក់ហើយព្រោះពួកខ្មោចនឹងយកជីវិតព្រះអង្គទៅជាមួយពួកវា មានតែព្រះអង្គគត់ដែលព្រលឹងខ្មោចអាចនិមន្តបាន។ ព្រះសង្ឃពិការព្រះនេត្រស្រាប់តែភ្ញាក់ផ្អើលយ៉ាងខ្លាំងនូវអ្វីដែលចៅអធិការវត្តបានមានសង្ឃដីកា ដោយព្រះអង្គមិនបានដឹងឡើយថា ពួកដែលព្រះអង្គតែងតែមន្តស្មូតជូន និងទេសនារៀងរាល់រាត្រីនោះ គឺជាព្រលឹងខ្មោចសោះដោយហេតុព្រះអង្គមិនអាចមើលឃើញ។ នៅរាត្រីនោះ ព្រះសង្ឃជាច្រើនអង្គបានសូត្រធម៌ ហើយចៅអធិការបានរុំអំបោះសីម៉ាជាច្រើនដល់ព្រះសង្ឃពិការព្រះនេត្រនោះ ហើយបង្គាប់ឱ្យព្រះអង្គគង់នៅក្នុងកុដិទំនេរមួយតែម្នាក់ឯង ដោយគ្រប់គ្នាសង្ឃឹមថាព្រលឹងខ្មោចទាំងនោះត្រូវបានកម្ចាត់ហើយហើយក៏មិនអាចមកបៀតបៀនព្រះអង្គឡើយ។

នៅរាត្រីនោះយើងមិនហ៊ានដេកនោះទេព្រោះខ្លាចខ្លាំងពេក ហើយអ្វីដែលគួរឱ្យសោកស្ដាយពេកនោះ លុះព្រឹកឡើងព្រះសង្ឃពិការព្រះនេត្រនោះបានបាត់ព្រះកាយពីកុដិទៅហើយ ទោះជាព្រះសង្ឃដទៃទៀតបានព្យាយាមរកនៅបរិវេណនេះក៏មិនឃើញឡើយដោយមិនដឹងថាបាត់ទៅទីណានោះទេ តែកូននេនតូចម្នាក់ដែលជិតស្និទ្ធនឹងព្រះសង្ឃពិការព្រះនោះជាងគេបានប្រាប់ថាគាត់តែងតែឮព្រះអង្គមានសង្ឃដីកាជាញឹកញាប់ថាព្រះអង្គមានអារម្មណ៍សោកសៅផ្លូវចិត្តយ៉ាងខ្លាំងនៅពេលដែលបានដឹងរឿងរ៉ាវដ៏សោកសៅរបស់មនុស្សជាច្រើនដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ក្នុងរបបប៉ុល ពត ហើយព្រលឹងវិលវល់មិនចប់។ តែព្រះអង្គមិនដែលប្រាប់នរណាម្នាក់ឡើយអំពីការនិមន្តទេសនាក្នុងទីវាលរាត្រីស្ងាត់ដ៏ចម្លែកនោះ ហើយហេតុការណ៍នេះមិនដែលកើតឡើងនោះទេពីមុនមក ដែលសូម្បីតែព្រះចៅអធិការមានវ័យចាស់វស្សាហើយក្ដីក៏មិនអាចឆ្លើយបានថាអាចទៅរួចដោយរបៀបណានោះទេ។ ព្រឹកឡើងយើងប្រញាប់ឡើងមកភ្នំពេញវិញដោយមានមន្ទិលមិនអស់ចិត្តសោះថាតើពេលនេះព្រះសង្ឃពិការព្រះនេត្រនោះកំពុងនៅទីណា ហើយព្រលឹងខ្មោចរាប់សិបឆ្នាំទាំងនោះអាចនិមន្តព្រះសង្ឃដោយរបៀបណា ក្នុងគោលបំណងអ្វីនោះទេ តែអ្វីដែលខ្ញុំសង្ឃឹមនោះ សូមឱ្យព្រះសង្ឃនោះនៅមានព្រះជន្មទៅចុះ៕

from: https://tnaot.com/km/m/detail/article/9626138