តាមរយៈវេទិកាយុវជនជជែកពិភាក្សាពីបរិស្ថានឆ្នាំ២០២០ នៅខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែសីហានេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថា ការប្រកួតវគ្គដំបូងនឹងត្រូវធ្វើឡើង ក្រោមប្រធានបទ” ការគ្រងតំបន់ការពារធម្មជាតិ គឺជាកាតព្វកិច្ច របស់រដ្ឋបាលថ្នាក់ក្រោមជាតិ” ដែលការប្រកួតប្រជែងនេះគឺបំផុសឱ្យសិស្សានុសិស្ស ចូលរួមយ៉ាងសកម្ម។
វេទិកានេះ បានរៀបចំឡើងដោយក្រសួងបរិស្ថាន និងមានកិច្ចសហការពីគម្រោង USIAD ព្រៃឡង់បៃតង ដឹកនាំលោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្ទឹងត្រែង។
លោក ម៉ុម សារឿនបានមានប្រសាសន៍ថា «វេទិកាយុវជនជជែកអំពីបរិស្ថាន ជាឱកាសល្អមួយ ដែលអាចឲ្យសិស្សានុសិស្សបញ្ចេញនូវសមត្ថភាពផ្ទាល់ខ្លួនពាក់ព័ន្ធ ទៅនិងការយល់ដឹងអំពីបញ្ហាបរិស្ថានទូទៅ ព្រោះបញ្ហាបរិស្ថានជាបញ្ហារួមដែលយើងគ្រប់គ្នាត្រូវយល់ដឹង»។
វេទិការនេះពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំង ដោយផ្តល់ឱកាសដល់សិស្សានុសិស្សនៅក្នុងខេត្ត និងអាជ្ញាធរពាក់ព័ន្ធអាចចូលរួមស្តាប់ និងសិក្សាស្វែងយល់ពីបរិស្ថានបន្ថែម ការយល់ដឹងទូទៅអំពីបរិស្ថាន ព្រមទាំងនាំគ្នាចូលរួមការពារ ទប់ស្កាត់ ការបំផ្លាញបរិស្ថាន និងធនធានធម្មជាតិ។
គួរបញ្ជាក់ថា កម្មវិធីនេះ បានលើកទឹកចិត្តឲ្យសិស្សានុសិស្សទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ចូលរួម ក្នុងវេទិកានេះដែលនឹងផ្តល់សារអប់រំដល់សារធារណជនទូទៅ ឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃជីវៈចម្រុះ និងជម្រើសមុខរបរសម្រាប់ប្រជាសហគមន៍ ដើម្បីឈានទៅរកការកែប្រែឥរិយាបថរបស់បុគ្គល និងអភិវឌ្ឍន៍ទង្វើប្រកបដោយសីលធម៌សំដៅចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សជីវៈចម្រុះឲ្យបានស្ថិតស្ថេរ សម្រាប់ជាប្រយោជន៍ដល់មនុស្សគ្រប់ជំនាន់៕ ដោយ៖ នាង ស្រស់