រហូតមកដល់ពេលនេះ ប្រទេសរុស្ស៊ី នៅតែមានករណីឆ្លងថ្មីច្រើន ធ្វើឲ្យប្រទេសនេះមានអ្នកឆ្លងកូវីដ១៩សរុប កើនលើសពី៥០ម៉ឺននាក់ ហើយមិនទាន់មានសញ្ញាណាមួយពីការថមថយនៅឡើយ ទើបរដ្ឋមន្រ្ដីក្រសួង សុខាភិបាល នៃប្រទេសមហាអំណាចមួយនេះ អះអាងថា ការបន្ធូរបន្ថយច្បាប់រឹតបន្ដឹង ប្រឆាំងនឹងកូវីដ១៩ពេញលេញ អាចនឹងឈានដល់ខែកុម្ភ: ឆ្នាំ២០២១។
លោក Mikhail Murashko រដ្ឋមន្រ្ដីក្រសួងសុខាភិបាលរុស្ស៊ី បានថ្លែងថា ការបន្ធូរបន្ថយច្បាប់រឹតបន្ដឹងប្រឆាំងកូវីដ១៩ពេលញលេញ នៅក្នុងប្រទេសរុស្ស៊ី អាចនឹងឈានចូលដល់ខែកុម្ភ: ឆ្នាំ២០២១ ខណ: ស្ថានការណ៍នេះត្រូវគ្រប់គ្រងបានទាំងស្រុង តាមវេជ្ជសាស្រ្ដ។
លោករដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានបញ្ជាក់ថា «ខ្ញុំកំពុងតែគិតអំពីការគ្រប់គ្រងស្ថានការណ៍កូវីដ១៩ទាំងស្រុងនោះ យើងនឹងនិយាយ នៅឆ្នាំក្រោយ។ ខ្ញុំគិតថា អាចនឹងឈានដល់ខែកុម្ភ: ឆ្នាំ២០២១»។
យោងតាមរដ្ឋមន្រ្ដីក្រសួងសុខាភិបាលរុស្ស៊ី បានឲ្យដឹងថា ប្រទេសមហាអំណាចមួយនេះ អាចនឹងនិយាយផ្ដោតលើការបន្ធូរបន្ថយនូវការរឹតបន្ដឹងច្បាប់ប្រឆាំងនឹងកូវីដ១៩ នៅពេលស្ថានការណ៍ នឹងអាចគ្រប់គ្រងបានទាំងស្រុង តាមផ្នែកវេជ្ជសាស្រ្ដ។
បើតាមគេហទំព័ររបស់ Worldometer បានផ្សាយ នៅរសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ថា ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ កើនដល់ ៥៤៥ ៤៥៨នាក់ ស្លាប់ ៧ ២៨៤នាក់ និងជាសះស្បើយ ២៩៤ ៣០៦នាក់។ ប្រទេសមហាអំណាចមួយនេះ មានអ្នកឆ្លងច្រើនលំដាប់លេខ៣ នៅលើពិភពលោក បន្ទាប់ពីអាមេរិក និងប្រេស៊ីល៕ ប្រែសម្រួលដោយ Nuon