
រាជធានីភ្នំពេញ៖ ថ្មីៗនេះនៅក្នុងចង្កោមសិល្បៈមានការជជែកគ្នាល្បីរន្ទឺថា តារាចម្រៀងប្រុសសង្ហារដែលមានទឹកដមសម្លេងពូកែស្រែកថ្ងូរ លោក ខេមរៈ សិរីមន្ត កំពុងមានគេចែចូវ ចង់សេរ៉េយករូបលោកទៅនៅជាមួយនឹងទ្រនំថ្មី ដែលផលិតកម្មនោះ គឺជាកន្លែងដែលគេកំពុងល្បីសុះសាយផងដែរថា លោក ព្រាប សុវត្ថិ នឹងទៅជ្រកដែរនោះ ។
យ៉ាងណាមិញ នៅមិនទាន់មានតម្រុយបែបណាឡើយ ចំពោះដំណឹងដែលតារាចម្រៀងប្រុសសង្ហារកំពុងត្រូវប៉ាន់ទីផ្សារចម្រៀងនៅស្រុកខ្មែរមានគេចែចូវនោះទេ គ្រាន់តែគេដឹងថា លោកមន្ត និងថៅកែផលិតកម្មនោះ ស្និទគ្នាខ្លាំងណាស់ ទាំងចំណងមិត្តភាព និងមុខជំនួញ។ បើនិយាយពី លោក សិរីមន្ត និង ឡេង ណាវ៉ាត្រា ដែលគេដឹងថា បានបើកផលិតកម្មចម្រៀងនោះ គឺឃើញថាមានឬសគល់ស្និទស្នាលគ្នាខ្លាំងមិនចាញ់លោក ព្រាប សុវត្ថិ ប៉ុន្មានឡើយ។ អ្នកទាំង២ មានហ៊ុនដីជាមួយគ្នា បើចាប់ដៃចងក្រងចម្រៀង ក្នុងផលិតកម្មរិតតែមូលមិនបាច់ហត់ទៅណា។ ស្របពេលថ្មីៗនេះ ឧស្សាហ៍ឃើញលោក សិរីមន្តនៅក្បែរកៀកជាមួយលោក ណាវ៉ាត្រា ថតបង្ហោះ ក្នុងពេលផ្ទុះរឿង ព្រាប សុវត្ថិ ដូរទីតាំងដែរនោះ។
មហាជនអ្នកគាំទ្រតារាចម្រៀងទាំងពីរក៏កំពុងអ៊ុតមើលថា តើ លោក សុវត្ថិ និងលោកសិរីមន្ត នឹងជ្រកក្រោមផលិតកម្មថ្មីជាមួយគ្នាឬយ៉ាងណា? តែបងប្អូនខ្លះបានលើកឡើងថា លោក សិរីមន្ត ទំនងនៅកន្លែងចាស់មិនយូរទេ នឹងដូរដែរ។ ខណៈបទចម្រៀងក្នុងផលិតកម្មធំ ហាក់ដូចជាស្ងាត់មិនសូវផ្ទុះ បានការងារតែផ្នែកគណៈកម្មាការ បង្ហាញគេឯង។
យ៉ាងណា នេះជាទិន្នន័យមួយដែល មិនទាន់មាន ការលើកឡើងបែបណានោះទេ គ្រាន់តែអ្នកខ្លះវិភាគប៉ុណ្ណោះ។ មូលហេតុនៅកន្លែងចាស់ ក៏មានធនធានល្អដែរ ប៉ុន្តែនេះស្ថិតនៅលើជំហរ របស់ លោកខេមរៈ សិរីមន្ត។ យើងមានតែរង់ចាំតាមដានអ៊ុតលទ្ធផលពីលោក សិរីមន្តម្តងថាតើ មានការដូរជំហរ ឬមិនប្តូរ ថាតើផលិតកម្មថ្មីមានមន្តស្នេហ៍គ្រប់គ្រាន់ដើម្បីទាក់ចិត្តលោក សិរីមន្តឬយ៉ាងណា ៕ ផ្តល់សិទ្ធិដោយ៖ កោះសន្តិភាព