(បាងកក)៖ អនុគណៈកម្មាធិការដែលបានអនុម័តលើការបញ្ជាទិញនាវាមុជទឹកពីរគ្រឿងដែលមានតំលៃ ២២.៥ ពាន់លានបាតពីប្រទេសចិន កាលពីម្សិលមិញបានចេញមកការពារសេចក្តីសំរេចរបស់ខ្លួន នឹងបានប្រកាសឲ្យដឹងទៀតថាផែនការនេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្រ្តីរួចហើយ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bangkokpost នៅថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២០។
លោក Supol Fongngam ប្រធានអនុគណៈកម្មាធិការ និងជាសមាជិកសភាគណបក្ស Palang Pracharath បាននិយាយថារដ្ឋាភិបាលបានស្នើសុំរដ្ឋាភិបាលចិនពន្យាពេលអនុវត្តការទិញនាវាមុជទាំងទឹកពីរ ដោយចាប់ផ្តើមពីថ្ងៃទី១ ខែតុលាជំនួសវិញ។ ការអនុម័តរបស់អនុគណៈកម្មាធិការស្តីពីលទ្ធកម្ម ទិញនាវាមុជទឹករបស់កងទ័ពជើងទឹកកាលពីថ្ងៃសុក្រគឺជាការអនុញ្ញាតឱ្យកងទ័ពជើងទឹកបន្តអនុវត្តកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើកន្លងមកជាមួយរដ្ឋាភិបាលចិនសម្រាប់ជាប្រយោជន៍នៃទំនាក់ទំនងថៃ – ចិន។ កងទ័ពជើងទឹកនឹងចំណាយសម្រាប់នាវាមុជទឹកក្នុងការបង់រំលស់ដោយប្រើថវិកាធម្មតារបស់ខ្លួនជារៀងរាល់ឆ្នាំ។ កងទ័ពជើងទឹកបានយល់ព្រមកាត់បន្ថយថវិការបស់ខ្លួនសម្រាប់គោលបំណងផ្សេងៗទៀត ដូច្នេះវានៅសល់ថវិការគ្រប់គ្រាន់ក្នុងការចំណាយសម្រាប់ប្រាក់ឧបត្ថម្ភនេះ។ គេរំពឹងថានឹងចំណាយពេលប្រហែល ៦ ឆ្នាំគិតចាប់ពីថ្ងៃដែលការបញ្ជាទិញរហូតដល់ពេលដែលវាត្រូវបានសាងសង់ និងដឹកជញ្ជូនមកដល់ប្រទេសថៃ។
ដោយឡែក លោក Yutthapong Jarassathian សមាជិកសភាគណបក្សភឿថៃ និងជាអនុប្រធានអនុគណៈកម្មាធិការនេះបានមានប្រសាសន៍ថា គណៈកម្មាធិការត្រួតពិនិត្យច្បាប់ថវិកា នឹងជួបប្រជុំគ្នានៅថ្ងៃពុធនេះ គាត់នឹងស្នើសុំឱ្យមានការបោះឆ្នោតបើកចំហលើបញ្ហានេះ។ លោកបាននិយាយថាថវិកាចំនួន ២២,៥ ពាន់លានបាតអាចត្រូវបានប្រើជាជំនួយហិរញ្ញវត្ថុចំនួន ៥,០០០ បាតសម្រាប់និស្សិតបញ្ចប់ការសិក្សាគ្មានការងារធ្វើរហូតដល់ ៧៥០.០០០ នាក់សម្រាប់រយៈពេល ៦ខែ។
គូរជម្រាបថា រដ្ឋាភិបាលលោក ប្រាយុទ្ធ កំពុងរងការរិះគន់លើការចំណាយយ៉ាងច្រើនលើវិស័យការពារជាតិ ដោយទាមទារឱ្យពិនិត្យឡើងវិញនូវផែនការលទ្ធកម្មសព្វាអាវុធរបស់កងកម្លាំង រួមទាំងការបញ្ជាទិញនាវាមុជទឹកនេះផងដែរ ដូច្នេះថវិការជាច្រើនអាចត្រូវបានរក្សាទុក និងបញ្ចូលទៅក្នុងកិច្ចប្រតិបត្តការដើម្បីជួយដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសដែលបង្កឡើងដោយជំងឺ Covid-19 ៕