សណ្ឋាគារ Hilton បានឱ្យដឹងនៅថ្ងៃទី១៦ ខែមិថុនាថា ខ្លួននឹងកាត់បន្ថយការងារប្រហែល ២២ភាគរយ នៃកម្លាំងពលកម្មក្រុមហ៊ុន ស្មើនឹង ២១០០កន្លែង បន្ទាប់ពីការផ្ទុះវីរុសកូវីដ-១៩ ដែលបានបំផ្លាញឧស្សាហកម្មទេសចរណ៍ទូទាំងពិភពលោក។
ការប្រកាសរបស់ សណ្ឋាគារ Hilton កើតឡើងនៅពេលឧស្សាហកម្មសណ្ឋាគារស្ថិតក្នុងតំបន់រងគ្រោះធ្ងន់ធ្ងរបំផុតដោយសាររោគរាតត្បាតនៃវីរុសកូវីដ-១៩នេះ ដោយអ្នកដំណើរត្រូវបង្ខំចិត្តលុបចោលការកក់ និងស្នាក់នៅផ្ទះដោយការមិនចេញក្រៅ ដែលត្រូវបានអនុវត្តដោយរដ្ឋាភិបាល។ សណ្ឋាគារ Marriott International និងសណ្ឋាគារ Hyatt ក៏បានបញ្ឈប់បុគ្គលិករាប់ពាន់នាក់ផងដែរ ។ ប្រតិបត្តិករសណ្ឋាគារភាគច្រើនបានផ្តល់សញ្ញាថា ការធ្លាក់ចុះនៃការកក់នឹងឈានដល់បាត នៅត្រីមាសទី២នេះ ។ សណ្ឋាគារ Hilton បាននិយាយថា អាចនឹងមានការកាត់បន្ថយប្រាក់ខែរបស់ក្រុមហ៊ុនរហូតដល់ ៣ខែបន្ថែមទៀត ។
លោក Christopher Nassetta ប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍ថា “មិនដែលមាននៅក្នុងប្រវត្តិសាស្រ្ត ១០១ឆ្នាំ របស់ សណ្ឋាគារ Hilton ទេ ដែលឧស្សាហកម្មរបស់យើងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកបែបនេះ” ។
បុគ្គលិកសណ្ឋាគារ Hilton ដែលអាចបន្តធ្វើការនៅសល់ចំនួន ៩ ៦០០នាក់ នៅទូទាំងពិភពលោក ខណៈបុគ្គលិកសរុបមានចំនួន ១៧៣ ០០០នាក់ នៅចុងឆ្នាំ២០១៩ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ ntd.com