ប្រទេសកូរ៉េខាងជើងបានប្រកាស នៅថ្ងៃទី១៧ ខែមិថុនាថា ខ្លួននឹងបញ្ជូនកងទ័ពទៅគ្រប់គ្រងទីតាំងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដែលបានបិទនោះ និងដំឡើងប៉ុស្តិ៍យាមរបស់កម្លាំងយោធា និងធ្វើសមយុទ្ធកងទ័ពឡើងវិញ នៅតំបន់ព្រំដែនជួរមុខ ព្រមទាំងលុបចោលកិច្ចព្រមព្រៀងបង្រួបបង្រួមជាមួយកូរ៉េខាងត្បូង ដែលទើបតែមានរយៈពេលពីរឆ្នាំមុននេះ។
ការប្រកាសនេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបំផ្លាញការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ដើម្បីបញ្ចេញកំហឹងដាក់សម្ពាធទៅលើទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ចំពេលកិច្ចចរចានុយក្លេអ៊ែរកំពុងជាប់គាំង ។
ការកម្ទេចទីតាំងកិច្ចសហប្រតិបត្តិការអន្តរកូរ៉េនោះ គឺជាសកម្មភាពបង្កហេតុថ្មីបំផុតពីសំណាក់កូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះចូលខ្លួន ក្នុងកិច្ចចរចានុយក្លេអ៊ែរ ក្នុងឆ្នាំ២០១៨ ។
អគ្គនាយសេនាធិការកងទ័ពកូរ៉េខាងជើងប្រកាសថា អង្គភាពយោធានឹងត្រូវដាក់ពង្រាយកងកម្លាំងនៅតំបន់រមណីយដ្ឋានភ្នំពេជ្រ (Diamond Mountain) និងតំបន់ឧស្សាហកម្ម Kaesong ។ ទីតាំងទាំងនេះជាព្រំដែនដែលត្រូវការការពារខ្លាំងរបស់កូរ៉េខាងជើង ។
ទីតាំងទាំងនោះក៏ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ ដែលត្រូវបានបិទអស់ រយៈពេលជាច្រើនឆ្នាំ ដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះ ពាក់ព័ន្ធនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើង បានប្រកាសថា ខ្លួនក៏នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាឡើងវិញ និងបង្កើតប៉ុស្តិ៍យាម នៅតាមតំបន់ព្រំដែន ហើយបើកទីតាំងជួរមុខសម្រាប់ការបង្ហោះប៉េងប៉ោងឃោសនា ទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ជំហានទាំងនេះនឹងទុកជាមោឃៈនូវកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ដែលបានព្រមព្រៀង ក្នុងអំឡុងកិច្ចប្រជុំការទូតអន្តរកូរ៉េ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងផ្នែកយោធា នៅតាមតំបន់ព្រំដែននោះ។
រដ្ឋាភិបាលកូរ៉េខាងត្បូងមិនបានឆ្លើយតបភ្លាមៗ ចំពោះសេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើងទេ ។ ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបានប្រកាស កាលពីថ្ងៃទី១៦ ខែមិថុនាថា ខ្លួននឹងចាត់វិធានការម៉ឺងម៉ាត់ នៅពេលអនាគត ចំពោះការបង្កហេតុដោយប្រទេសកូរ៉េខាងជើង នាពេលនេះ ៕ ប្រែសម្រួលដោយ៖ thach yat