រដ្ឋាភិបាលទីក្រុងប៉េកាំង បានបង្កើនការប្រកាសអាសន្នកម្រិតទី២ ហើយស្នើដល់ពលរដ្ឋចាំបាច់ត្រូវតែធ្វើតេស្ត ស្វែងរកកូវីដ១៩ មុនពេលអនុញ្ញាតឲ្យចាកចេញពីទីក្រុងនេះ។
ជាមួយគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំងបានស្នើឲ្យសាលារៀនទាំងអស់ បិទទ្វារជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ទីក្រុងប៉េកាំងបានខិតខំដើម្បីទប់ស្កាត់ការផ្ទុះកូវីដ១៩ជាថ្មី ។ បើតាមសារព័ត៌មាន Bloomberg បានឲ្យដឹងថា កូវីដ១៩ បានរាលដាលដល់ខេត្តនានា នៅជាប់នឹងទីក្រុងប៉េកាំង។
បើតាមការប្រកាសរបស់គណៈកម្មការសុខាពិភបាលចិន NHC បានឲ្យដឹងថា នៅទីក្រុងប៉េកាំងរកឃើញកររណីឆ្លងថ្មី នៃកូវីដ១៩កើនឡើងដល់ ១០៦នាក់ហើយ។ ជាមួយគ្នានេះខេត្តចំនួន២ទៀត ក៏រកឃើញមានករណីឆ្លងផងដែរ។
ការសម្រេចបិទសាលារៀន និងកាត់បន្ថយការធ្វើដំណើរ បានបង្ហាញយ៉ាងច្បាស់ថា កម្រិតនៃការឆ្លងថ្មីកាន់តែអាក្រក់ទៅ នៅទីក្រុងប៉េកាំង។ ប៉ុន្តែការដោះស្រាយស្ថានភាព នៃការឆ្លង បានល្អជាងបើប្រៀបធៀបនឹងការឆ្លងពេលដំបូង នៅទីក្រុងវ៉ូហាន ។
ទីក្រុងប៉េកាំង ប្រជុំទៅដោយអ្នកមាន អ្នកជំនួញធំៗ អ្នកនយោបាយ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ដូច្នេះការទប់ស្កាត់ការឆ្លងរាលដាល នៅទីក្រុងនេះ គឺពិតជាសំខាន់យ៉ាងខ្លាំងណាស់។
កាលពីថ្ងៃទី១៦ ខែមិថុនា រដ្ឋាភិបាលទីក្រុងប៉េកាំងបានបិទផ្សារមួយកន្លែងទៀត នៅជិតមជ្ឈមណ្ឌលហិរញ្ញវត្ថុទីក្រុងប៉េកាំង ក្រោយរកឃើញមានករណីឆ្លងថ្មីម្នាក់ នៅទីនោះ។ នៅពេលនេះ ផ្សារ ៣០០កន្លែង ត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ និង តំបន់រស់នៅរបស់ពលរដ្ឋចំនួន៣០តំបន់ ត្រូវបានបិទទាំងស្រុង៕ ប្រែសម្រួលដោយ៖ MEO