សេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៥ សីហា ឆ្នាំ២០២០នេះ បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋរស់នៅតំបន់មួយចំនួនដូចជា ទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន តំបន់មាត់សមុទ្រ ត្រូវប្រុងប្រយ័ត្ន បាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០។
យោងតាមសេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ថា តាមរយៈការតាមដាននៃវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះធ្វើឱ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣២-៣៤អង្សាសេ ចាប់ពីថ្ងៃទី២៦-២៧ ខែសីហា បណ្តាខេត្តនៅភាគកណ្តាល និងភាគពាយ័ព្យនឹងអាចមានភ្លៀងធ្លាក់តិច។
បន្ទាប់នោះ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។ សម្រាប់បណ្តាខេត្តដទៃទៀត នឹងអាចមានភ្លៀងធ្លាក់តិច
បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៤-២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ៣០-៣២អង្សាសេ និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតខ្សោយទៅមធ្យម។
បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២៥-២៧អង្សាសេ សីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេនឹងអាចមានភ្លៀងធ្លាក់តិច។
អាស្រ័យស្ថានភាពធាតុអាកាសដូចខាងលើនេះ ក្រសួងធនធានទឹកសូមឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមាននៅផ្នែកមួយចំនួននៃបណ្តាខេត្តស្ថិតនៅតំបន់វាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ៕ ដោយ៖ ឃួន លក្ខិណា