ការប៉ះទង្គិចគ្នាយ៉ាងសាហាវកាលពីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០រវាងកងទ័ពចិននៅភាគខាងជើងប្រទេសឥណ្ឌា បណ្តាលឲ្យទាហានឥណ្ឌាស្លាប់២០នាក់ ។ នេះបើតាមប្រភព Foxnews ផ្សាយកាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ។
ការប្រឈមមុខដាក់គ្នាដែលបានកើតឡើងនៅក្នុងតំបន់ព្រំដែន Ladakh នេះ គឺជាការប៉ះទង្គិចយ៉ាងសាហាវបំផុតរវាងឥណ្ឌា និងចិន ចាប់តាំងពីឆ្នាំ ១៩៧៥មក ។
យោងតាមអាជ្ញាធរទាំងសងខាងមិនបានបាញ់កាំភ្លើងមួយគ្រាប់ណាទេ ការប្រយុទ្ធគ្នានោះធ្វើឡើងដោយការប្រើដុំថ្ម និងកណ្តាប់ដៃប៉ុណ្ណោះ។
កងទ័ពឥណ្ឌាកាលពីដើមដំបូងបានរាយការណ៍ថា ទាហានឥណ្ឌា ៣ នាក់ បានស្លាប់នៅក្នុងការប្រយុទ្ធគ្នានេះ ប៉ុន្តែក្រោយមកបានរាយការណ៍ថា“ កងទ័ពឥណ្ឌា ១៧ នាក់ ដែលរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងជួរកាតព្វកិច្ច នៅទីតាំងឈរជើង ហើយប្រឈមនឹងសីតុណ្ហភាពក្រោមសូន្យអស្សាសេ ក៏បានស្លាប់បន្ថែមទៀត ។
មន្ត្រីចិនមិនបានរាយការណ៍ពីការស្លាប់ណាមួយពីឧប្បត្តិហេតុនេះទេ ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកចាវ លីជៀន (Zhao Lijian) បានផ្តល់ព័ត៌មានលម្អិតតិចតួច ប៉ុន្តែបានចោទប្រកាន់កងកម្លាំងឥណ្ឌាថា បានធ្វើការវាយប្រហារបង្កហេតុមុន។
កងកំលាំងឥណ្ឌា និងចិនបានស្ថិតក្នុងការប្រឈមមុខដាក់គ្នារយៈពេលមួយខែ ជុំវិញទឹកដីដែលមានជម្លោះ ។
ប្រទេសចិនទាមទារទឹកដីប្រមាណ ៣៥.០០០ ម៉ាយល៍ (ប្រហែល ៥៦ ៣២៧ គីឡូម៉ែត្រ) នៅភាគឦសាននៃប្រទេសឥណ្ឌា រីឯឥណ្ឌាវិញ ក៏បានអះអាងដែរថា ប្រទេសចិនបានកាន់កាប់ទឹកដីប្រមាណ ១៥.០០០ ម៉ាយល៍ (ប្រហែល ២៤ ១៤០ គីឡូម៉ែត្រ ) នៅតំបន់ខ្ពង់រាប Aksai Chin ជាតំបន់មួយដែលឥណ្ឌានិយាយថា ជាផ្នែកមួយនៃតំបន់ Ladakhរបស់ខ្លួន ។
ទាហានចិន និងឥណ្ឌាបានប្រឈមមុខដាក់គ្នាអស់រយៈពេលជាងមួយខែនៅតាមបណ្តោយបន្ទាត់ត្រួតត្រាជាក់ស្តែង ជាង ២.០០០ ម៉ាយ (ប្រហែល ៣២១៨ គីឡូម៉ែត្រ) – ព្រំដែនដែលបានបង្កើតឡើងរវាងឥណ្ឌា និងចិនក្នុងឆ្នាំ ១៩៦២ បន្ទាប់ពីសង្គ្រាមរយៈពេលមួយខែ ។
មន្ត្រីចិនបាននិយាយថា ពួកគេបានប្តេជ្ញាចិត្តដើម្បីធានានូវសន្តិភាព និងភាពស្ងប់ស្ងាត់ ប៉ុន្តែបានស្តីបន្ទោសចំពោះការបង្កទំនាស់នេះទៅលើទាហានឥណ្ឌា ។
លោក Zhao មានប្រសាសន៍ថា “អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថានៅថ្ងៃទី ១៥ ខែមិថុនា កងទ័ពឥណ្ឌាបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើការឯកភាពគ្នារបស់ភាគីទាំងសងខាង ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ចំនួន ២ លើក និងវាយប្រហារបង្កហេតុទៅលើបុគ្គលិកចិន ដែលជាហេតុធ្វើឱ្យមានជម្លោះផ្នែករាងកាយរវាងកងកម្លាំងព្រំដែនទាំងពីរ” ។
ក្រសួងការបរទេសឥណ្ឌា ក៏បាននិយាយដែរថា ឧប្បត្តិហេតុនេះបានកើតឡើងជាលទ្ធផលនៃការប៉ុនប៉ងរបស់ភាគីចិន ក្នុងការកែប្រែស្ថានភាពបច្ចុប្បន្នជាឯកតោភាគី ។
ក្រុមមន្រ្តីឥណ្ឌាបានចោទប្រកាន់ទាហានចិនពីបទឆ្លងកាត់ព្រំដែនកាលពីខែមុនដើម្បីតំឡើងបង្គោល និងមិនគោរពការព្រមានដោយពាក្យសំដីឲ្យចាកចេញ ។
ការប្រយុទ្ធគ្នាមួយផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានកើតឡើងនៅក្នុងខែឧសភា ទាក់ទងនឹងការវាយដោយកណ្តាប់ដៃ និងការគប់ដុំថ្ម ប៉ុន្តែពុំមានរបាយការណ៍អំពីការស្លាប់នោះទេ ។
មន្រ្តីកងទ័ព និងអ្នកការទូត ត្រូវបានរាយការណ៍ថា បានរៀបចំការប្រជុំគ្នាដើម្បីព្យាយាមបញ្ចប់ភាពស្ថានភាពតានតឹងនេះ ។
លោកស្រី Eri Kaneko អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៦ ខែមិថុនាថា “យើងមានការព្រួយបារម្ភអំពីរបាយការណ៍អំពើហិង្សា និងការស្លាប់នៅបន្ទាត់ព្រំដែន រវាងឥណ្ឌា និងចិន ហើយយើងជំរុញឱ្យភាគីទាំងពីរអត់ធ្មត់ជាអតិបរមា” ។ យើងកត់សំគាល់របាយការណ៍វិជ្ជមានថា ប្រទេសទាំងពីរបានចូលរួមធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ៕ ប្រែសម្រួលដោយ៖ thach yat