(ស៊ីដនី)៖ លីគបាល់ទាត់ផ្នែកបុរស កម្រិតកំពូលរបស់អូស្ត្រាលី (លីគសេរី A) គ្រោងនឹងចាប់ផ្តើមឡើងវិញ នៅថ្ងៃទី១៦ ខែកក្កដា នាទីក្រុង Melbourne។
សហព័ន្ធបាល់ទាត់អូស្ត្រាលី (FFA) បានចេញផ្សាយនូវសេចក្តីលម្អិត អំពីការចាប់ផ្តើមឡើងវិញ នូវគម្រោងប្រកួតបាល់ទាត់ នៅថ្ងៃអង្គារនេះ បន្ទាប់ពីបានបញ្ចប់កិច្ចព្រមព្រៀង ជាមួយនឹងភាគីពាក់ព័ន្ធ កាលពីថ្ងៃចន្ទ ដើម្បីពន្លាយពេលនៃរដូវកាល ឆ្នាំ២០១៩-២០២០។
FFA នឹងចេញផ្សាយនឹងគម្រោងការបន្ថែមទៀត នៅពេលការប្រកួតខិតជិតមកដល់ ខណៈមានការរំពឹងថា នឹងមានការបន្ធូរបន្ថយបន្ថែមទៀត នៅក្នុងការគ្រប់គ្រងព្រំដែន និងការរឹតត្បិត នៃការធ្វើដំណើរ។
ក្លិបសេរី A នឹងវិលត្រឡប់ទៅហ្វឹកហាត់វិញ ចាប់ពីថ្ងៃស្អែកតទៅ បន្ទាប់ពីបញ្ចប់ការធ្វើតេស្ត រកមេរោគ COVID-19 និងអនុវត្តផែនការប្រតិបត្ដិការ ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងមេរោគ នៅតាមកន្លែងហ្វឹកហាត់ និងទីតាំងក្លិបរបស់ពួកគេ៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ Xinhua