(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មអាមេរិក បានចុះហត្ថលេខាលើការកែប្រែបទបញ្ជាមួយ ដែលនឹងអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធ 5G។
សារព័ត៌មាន Sputnik បានឱ្យដឹងថា ការប្រែបទបញ្ជាខាងលើនឹងត្រូវចេញផ្សាយ នៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលសហព័ន្ធអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក
វាលប៊ឺ រ៉ូស (Wilbur Ross) ក៏បានទទួលស្គាល់ពីការកែប្រែខាងលើផងដែរ ប៉ុន្តែលោកបានអះអាងថា សហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលតួនាទី ជាប្រទេសឈានមុខគេ ខាងគំនិតច្នៃប្រឌិតសកលនោះទេ។
គួរជម្រាបថា សហរដ្ឋអាមេរិកធ្លាប់បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងយោធា និងទីភ្នាក់ងារស៊ើបការណ៍សំងាត់ ចិនដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិអាមេរិក។ ប៉ុន្តែទាំងទីក្រុងប៉េកាំង និង Huawei បានទាត់ចោលការចោទប្រកាន់ទាំងនេះ។ យ៉ាងណាក៏ដោយសេចក្តីលម្អិត អំពីវិសាលភាពនៃការអនុញ្ញាតឲ្យក្រុមហ៊ុនអាមេរិក មានទំនាក់ទំនងផ្នែកអភិវឌ្ឍន៍ 5G ជាមួយ Huawei គឺមានតែរង់ចាំមើលសេចក្តីប្រកាស ពីរដ្ឋាភិបាលសហព័ន្ធអាមេរិកសិន៕
ប្រែសម្រួលដោយ៖ ពិសិទ្ធិ
ប្រភព៖ Global Times