សិស្សប្រហែល ១០ នាក់ដែលមានអាយុប្រហែលជា ១៤ ទៅ ១៦ ឆ្នាំ បានដាក់ពាក្យបណ្តឹងមកប៉ូលិស បន្ទាប់ពីមិត្តភក្តិរបស់ពួកគេម្នាក់បានបោកប្រាស់លុយដែលមានចំនួនសរុប ២ លានបាត នៅខេត្ត Khan Kaen។
ជនល្មើសឈ្មោះ Wawa អាយុ ១៧ ឆ្នាំត្រូវចោទប្រកាន់ថា បានរៀបចំគម្រោងសន្សំប្រាក់តាមរយៈកម្មវិធីដ៏ពេញនិយមមួយ គឺសន្សំ ៥០០ បាតក្នុងមួយថ្ងៃ នឹងទទួលបានប្រាក់ ១ ០០០ បាតពេលដកមកវិញ។ មួយទៀតប្រសិនបើសន្សំ ៥០០ បាតក្នុង ១ ថ្ងៃ ហើយ ១០ ថ្ងៃក្រោយនឹងទទួលបានប្រាក់ ៣២០០ បាត។ ចំពោះអ្នកដែលបានណែនាំកម្មវិធីដល់មនុស្ស ៦០ នាក់ផ្សេងទៀតនឹងទទួលបានប្រាក់ពី ៥ ០០០ ទៅ ១ ម៉ឺនបាតបន្ថែម។ និស្សិតអាយុ ១៨ ឆ្នាំម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថៃថា នាងបានណែនាំអតិថិជនជាង ២០០ នាក់ទៅឱ្យជនល្មើស និងតែងតែទទួលបានប្រាក់ត្រឡប់មកវិញតាមការសន្យា ប៉ុន្តែនៅថ្ងៃទី ៣ ខែសីហា ជនល្មើសចាប់ផ្តើមបាត់ដំណឹង ដែលពេលនោះមានសិស្សខ្លះបានទទួលប្រាក់ចំណេញតាមការសន្យារបស់ជនល្មើស ឯខ្លះទៀតខាតបង់ប្រាក់យ៉ាងច្រើន។
លោក Sarawut អាយុ ៥១ ឆ្នាំនិយាយថា ជនល្មើសបានបោកប្រាស់លុយកូនស្រីរបស់គាត់អស់ជាង ៤០០ ០០០ បាត។ ឪពុកជនរងគ្រោះបានបន្តថា កូនស្រីរបស់គាត់ជាសិស្សនៅសាលា Nong Ruea Wittiyalai ខិតខំរកប្រាក់ដោយលក់ផលិតផលថែរក្សាស្បែកតាមប្រព័ន្ធអ៊ីនធឺណិតដើម្បីជួយផ្គត់ផ្គង់ ហើយថ្ងៃមួយដោយមើលឃើញថាមិត្តភក្តិរបស់នាងចំណេញលុយច្រើនតាមរយៈកម្មវិធីសន្សំលុយ នាងក៏សម្រេចចិត្តដាក់សន្សំនឹងគេដែរទៅ។ គួរបញ្ជាក់ផងដែរថា មុនពេលដាក់ពាក្យបណ្តឹងមកប៉ូលិស និស្សិតនិងឪពុកម្តាយរបស់ពួកគេមួយចំនួនបានបើកឡានទៅផ្ទះរបស់ជនល្មើសដើម្បីទាមទារប្រាក់របស់ពួកគេត្រឡប់មកវិញ ប៉ុន្តែជនល្មើសបានរត់បាត់ស្រមោលទៅហើយ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the thaiger