ក្លិប Juventus និង Inter ត្រូវបានគេរាយការណ៍ថា កំពុងចង់បានខ្សែការពារ Marcos Alonso របស់ក្លិប Chelsea នៅអំឡុងពេលទីផ្សារកីឡារដូវក្តៅបើកទ្វារ។
អតីតកីឡាករក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ ទើបតែបង្ហាញខ្លួនបាន១១ប្រកួតប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក Frank Lampard ហើយរូបគេត្រូវបានផ្សាភ្ជាប់ថានឹងចាកចេញពីទឹកដី Stamford Bridge នៅរដូវក្តៅនេះ។
បើយ៉ោងតាមកាសែត Daily Express បានអះអាងថាក្លិប Inter និង Juventus កំពុងតែចាប់អារម្មណ៍លើខ្សែការពារស្លាបឆ្វេង Alonsoដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់គ្រូបង្វឹកនៃក្លិបទាំងពីរនេះ។ Alonso ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Antonio Conte នៅឆ្នាំ២០១៦-២០១៨ និងលោក Maurizio Sarri នៅឆ្នាំ២០១៨ អំឡុងពេលដែលអ្នកទាំងពីរ ដឹកនាំនៅក្លិប Chelsea។
ខ្សែការពារវ័យ២៩ឆ្នាំរូបនេះ បានផ្លាស់ចេញពីក្លិប Fiorentina មកចូលរួមជាមួយ Chelsea នៅឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនផ្ទេរ ២៣លានអឺរ៉ូ ដោយចុះកុងត្រារហូតដល់ឆ្នាំ២០២៣ ។ រហូតមកដល់ពេលនេះ រូបគេបង្ហាញខ្លួនឱ្យក្លិបបានចំនួន ១៤០ប្រកួត ហើយរកគ្រាប់បាល់បញ្ចូលទី២២គ្រាប់ និងជួយឱ្យ Chelsea ឈ្នះពានរង្វាន់ Premier League, FA Cup និង Europa League ផងដែរ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia