ស្រះស្រង់ ជាស្រះដ៏ធំមួយនៅខាងកើតប្រាសាទបន្ទាយក្ដី ដែលមានបណ្ដោយ ៧០០ ម៉ែត្រ និងទទឹង ៣០០ ម៉ែត្រ។ ស្រះនេះត្រូវបានកសាងក្នុងស.វ ទី ១០ ក្នុងរាជ្យព្រះបាទរាជេន្ទ្រវម៌្មទី ២ និងត្រូវបានកសាងបន្ថែមក្នុងរាជ្យព្រះបាទជ័យវម៌្មទី ៧ នាចុងស.វ ទី ១២។ នៅចំកណ្ដាលនៃស្រះ មានប្រាង្គតូចមួយ ហើយអាចមើលឃើញតែពេលទឹកស្រះនេះស្រក ឬរីងប៉ុណ្ណោះ។ ប្រជាជនបាននិយាយតៗគ្នាថា ស្រះនេះត្រូវបានគេជីកសម្រាប់ជាទីកន្លែងដែលព្រះរាជាស្រង់ទឹក ហើយប្រាង្គកណ្ដាលនោះគឺជាកន្លែងព្រះរាជាធ្វើសមាធិ។សព្វថ្ងៃនេះ នៅតាមមាត់ស្រះបានក្លាយជាកន្លែងពេញនិយមសម្រាប់ប្រជាជនញ៉ាំអាហារ ឬជ្រកម្លប់ឈើ ដោយសារនៅខាងលិចស្រះមានដើមឈើជាច្រើន។ លើសពីនេះទៅទៀត ទីនេះក៏ជាកន្លែងដែលភ្ញៀវទេសចរអាចមើលថ្ងៃរះបានផងដែរ ក្រៅពីប្រាសាទអង្គរវត្ត ដោយសារនៅទីនេះភ្ញៀវមិនមានសភាពកកកុញច្រើនលើសលប់ដូចភ្ញៀវដែលទស្សនាថ្ងៃរះនៅអង្គរវត្តនោះទេ។បើលោកអ្នកទៅទស្សនាទីនោះ ហើយមានរបស់ញ៉ាំ សូមជួយថែរក្សាបរិស្ថានដោយមិនត្រូវចោលដបទឹកសុទ្ធ ឬសំរាមផ្ដេសផ្ដាស ព្រោះវាបង្កើតនូវរូបភាពមិនល្អសម្រាប់ជនបរទេសដែលមកទស្សនាប្រទេសយើង!