យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃបានឱ្យដឹងថា ជើងយន្តហោះចំនួន ៤ គ្រឿងត្រូវបានគេរៀបចំដើម្បីយកជនជាតិថៃចំនួន ១ ០០០នាក់ផ្សេងទៀតនៅក្នុងប្រទេសអេហ្ស៊ីប នៅខែក្រោយបន្ទាប់ពីមានការឆ្លងរាតត្បាតវីរុសកូវីដ-១៩ នៅទីនោះ។
កាលពីថ្ងៃទី៨ ខែឧសភា និងថ្ងៃទី៩ ខែមិថុនា រដ្ឋាភិបាលថៃបាននាំជនភៀសខ្លួនជនជាតិថៃចំនួន ៤១០នាក់ត្រឡប់មកផ្ទះវិញតាមជើងហោះហើរចំនួន២។ ៦៩០នាក់ផ្សេងទៀតបានចុះឈ្មោះដើម្បីទៅត្រឡប់មកប្រទេសថៃវិញជាមួយស្ថានទូតថៃប្រចាំនៅទីនោះ។ បច្ចុប្បន្នមានជនជាតិថៃចំនួន ៤ ១៣៧នាក់ នៅប្រទេសអេហ្ស៊ីប ហើយស្ថានទូតកំពុងតែពិនិត្យមើលថាតើពួកគេភាគច្រើនចង់ត្រឡប់ទៅផ្ទះវិញដែរឬទេ? យោងតាមរបាយការណ៍មុនៗ ជនជាតិថៃចំនួន ៣៨នាក់បានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុសកូវីដ-១៩។
លោកស្រី Narumon បាននិយាយថា នៅខែក្រោយរដ្ឋាភិបាលបានរៀបចំដើម្បីនាំត្រឡប់មកផ្ទះវិញចំនួន ១ ០០០នាក់ផ្សេងទៀត ដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ទី៨ ទី១៧ និងទី២៤ ខែកក្កដាខាងមុខនេះ។
ការធ្វើសន្និសីទតាមវីដេអូអនឡាញត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឱ្យជនជាតិថៃនៅទីនោះស្វែងរកដំបូន្មានពីវេជ្ជបណ្ឌិតអំពីរបៀបថែរក្សាខ្លួន និងរៀនចំណេះដឹងជាមូលដ្ឋានអំពីវីរុសកូវីដ-១៩នេះ។
លោកស្រី Narumon បាននិយាយថា នាយករដ្ឋមន្រ្តីប្រាយុទ្ធចាន់អូចាកំពុងឃ្លាំមើលស្ថានការណ៍នេះយ៉ាងដិតដល់បំផុត។ លោកស្រីបានបន្ថែមទៀតថា “ប្រជាជនថៃនៅអេហ្ស៊ីបមិនចាំបាច់ព្រួយបារម្ភទេ ពីព្រោះរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង” ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ Bangkok post