រឿងរ៉ាវអាស្រូវ របស់ភិក្ខុឡុង ចន្ថា ដែលល្បីល្បាញខ្លាំង ក្នុងទេពកោសល្យទេសនាទាំងពលរដ្ឋខ្មែរ ក្នុងស្រុក និងអនិកជន នាំឲ្យមានការប្រកាសចាប់ផ្សឹក នាពេលកន្លងមក នៅតែអូសបន្លាយដោយភិក្ខុសង្ឃពោរពេញវោហារអង្គនេះ នៅតែមិនព្រមផ្សឹកតាមការណែនាំរបស់ក្រសួងធម្មការ និងសាសនា ក៏ដូចជា គណៈកម្មការធម្មវិន័យ ដោយអះអាង បើព្រះអង្គមិនទទួលបានយុត្តិធម៌ទេនោះ ព្រះអង្គនឹងលាតត្រដាងរឿងរ៉ាវទាំងអស់ជុំវិញរឿង ចាប់ផ្សឹកព្រះអង្គដោយអយុត្តិធម៌។
ថ្លែងប្រាប់ពត៌មាន TNAOT APP នៅរសៀលថ្ងៃទី ២៤ ខែសីហា ភិក្ខុសង្ឃ ឡុង ចន្ថា គ្រោងលាតត្រដាងរឿងរ៉ាវគ្រប់យ៉ាង បើសិនជាមិនទទួលបានយុត្តិធម៌ទេនោះ ព្រះតេជគុណនឹងបញ្ចេញការពិតទាំងអស់ មុននឹងឈានទៅដល់ការសម្រេចផ្សឹកព្រះអង្គឯង។ “អាត្មានឹងបកស្រាយមុននឹងគេហៅអាត្មាទៅប្រជុំ មុនពេលអាត្មាទៅធ្វើកិច្ចសន្យា អាត្មានឹងធ្វើការឡាយវិដេអូប្រាប់រឿងរ៉ាវទាំងអស់ ដើម្បីឱ្យច្បាស់លាស់ មិនមែនសឹកដោយមិនទទួលបានភាពត្រឹមត្រូវ ចៀសវាងការយល់ច្រលំរបស់សារធារណជនយល់ថា អាត្មាពិតជាបានប្រព្រឹត្តដូចជាការចោទប្រកាន់មែន ព្រោះអាត្មាបួសជាព្រះសង្សជិត ២០ឆ្នាំហើយ ចិងអាត្មាដឹងថា នៅវត្តអាត្មា ខេត្តតាកែវលោកណាអាក្រក់ លោកណាល្អ”។
ភិក្ខុសង្ឃ ឡុង ចន្ថាបន្ថែមថា “ពេលហៅអាត្មាទៅប្រជុំបែរជាមិនអោយអាត្មាប្រជុំទេ គឺប្រជុំតែគ្នាលោកសម្រេចតែគ្នាលោក តែមិនបានអោយអាត្មាចូលប្រជុំទេ លុះប្រជុំរួចហើយបានអោយលោកមួយអង្គមកខ្សឹបប្រាប់អាត្មាថា អោយអាត្មាសឹកទៅរួមជាមួយនឹងធ្វើកិច្ចសន្យា»។
ពាក់ព័ន្ធករណីនេះ សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យា របស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនល្អក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិការប្រទូស្តសារាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិត ក្នុងព្រះពុទ្ធសាសនាបន្តទៀតបាន។
គួរបញ្ជាក់ថា ព្រះតេជគុណ ឡុង ចន្ថា ដែលគង់នៅវត្តភ្នំបុរី ក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ធ្លាប់បានសន្យា នៅចំពោះព្រះភ័ក្រ្តមន្ត្រីសង្ឃក្នុងខេត្តតាកែវ ថានឹងលាចាកសិក្ខាបទនៅថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ បន្ទាប់ពីបែកធ្លាយសារសំឡេងឆ្លើយឆ្លងជាមួយនារីភេទ ក្នុងទំនាក់ទំនងស្នេហាប៉ះចំសង្សារគេផងនោះ។
តែដល់ថ្ងៃទី១៤ ខែឧសភា ដែលជាថ្ងៃសន្យានោះ ព្រះតេជគុណ ឡុង ចន្ថា បែរជាបង្ហោះសារថា ព្រះអង្គមិនទាន់អស់និស្ស័យជាមួយព្រះពុទ្ធសាសនាទៅវិញ ហើយក៏មិនបានលាចាកសិក្ខាបទនោះដែរ៕ ដោយ៖ នាង ស្រស់