លោក Maurizio Sarri អ្នកចាត់ការទូទៅក្លិប Juventus មានបំណងចុះហត្ថលេខាផ្ទេរយកកីឡាករ Arkadiusz Milik ដែលជាខ្សែប្រយុទ្ធរបស់ក្លិប Napoli នៅក្នុងអំឡុងពេលទីផ្សាររដូវក្តៅបើកទ្វារ។
យោងតាមកាសែតអ៊ីតាលី Corriere dello Sport បានឱ្យដឹងថា ខ្សែប្រយុទ្ធ Milik អាចនឹងផ្លាស់មកលេងក្រោមការដឹកនាំរបស់លោក Sarri ជាថ្មីនៅក្នុងរដូវក្តៅនេះ ហើយក៏ជាអ្នកត្រៀមមកជំនួសខ្សែប្រយុទ្ធ Gonzalo Higuain ផងដែរ ដែលនឹងចាកចេញដោយគ្មានតម្លៃខ្លួនផ្ទេរក្រោយបញ្ចប់រដូវកាលនេះ បន្ទាប់ពីអស់កុងត្រាជាមួយក្លិប។ ប្រភពនេះក៏បញ្ជាក់ផងដែរថា Napoli នឹងកំណត់តម្លៃខ្លួនលក់ខ្សែប្រយុទ្ធប៉ូឡូញរូបនេះ ប្រមាណ៥០លានអឺរ៉ូ ទៅឱ្យ Juventus។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំរូបនេះ ធ្លាប់លេងក្រោមការដឹកនាំរបស់លោក Sarri រយៈពេលបីឆ្នាំ ពោលគឺចាប់ពីឆ្នាំ២០១៦-២០១៨ ក្រោយមកលោកបានផ្លាស់ទៅដឹកនាំក្លិប Chelsea បានមួយរដូវកាល មុនផ្លាស់មក Juventus រហូតដល់ពេលបច្ចុប្បន្ន។ ក្រោយក្លិបកំពុងប្រឈមនឹងកង្វះខាតតំបន់ខាងលើ លោកចង់បានអតីតកូនក្រុមរបស់លោកមកជួយពង្រឹងក្រុមបន្ថែមនៅរដូវកាលក្រោយ។
យ៉ាងណាមិញខ្សែប្រយុទ្ធ Milik នឹងត្រូវជួបលោក Sarri ជាថ្មីម្តងទៀត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Coppa Italia ទល់នឹងក្រុម Juventus នៅថ្ងៃពុធ សប្តាហ៍នេះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia