ដើម្បីទទួលបានឋានៈជាគ្រួសារដ៏ល្អប្រសើរសុភមង្គលគប្បីមានក្រមសីលធម៌សម្រាប់ប្រតិបត្តិទៅតាមនាទីរបស់ខ្លួនដែលត្រូវសង្គ្រោះគ្នាទៅវិញទៅមកដើម្បីឱ្យកើតទៅជាគុណប្រយោជន៍ ។
ធម៌ដែលត្រូវសង្គ្រោះនោះមានពីរផ្នែកគឺ ខាងមាតាបិតាមានគោលធម៌៥យ៉ាងៈ ១-ត្រូវហាមឃាត់កូនកុំឱ្យធ្វើអំពើអាក្រក់គ្រប់យ៉ាង ។ ២-ត្រូវនាំកូនឱ្យតាំងនៅក្នុងសេចក្តីល្អ ។ ៣-ត្រូវឱ្យកូនសិក្សាសិល្ប៍សាស្ត្រវិជ្ជាការផ្សេងៗ តាមសម័យកាល ។ ៤-ត្រូវរើសរកគូស្រករឱ្យកូនប្រុសស្រីឱ្យសមតាមវ័យ និងពូជពង្សវង្សត្រកូល ។ ៥-ត្រូវចែកទ្រព្យសម្បត្តិឱ្យតាមកាលគួរ ។
ចំណែកកូនប្រុសស្រីវិញ ត្រូវប្រតិបត្តិម្តាយឪពុកជាបុព្វការីជនដោយស្ថាន៥យ៉ាងដែរគឺៈ ១-លោកឪពុកអ្នកម្តាយដែលបានចិញ្ចឹមយើងហើយ យើងត្រូវចិញ្ចឹមលោកវិញ ។ ២-ត្រូវជួយធ្វើកិច្ចការសព្វយ៉ាងជំនួសលោកវិញ ។ ៣-ត្រូវតាំងវង្សត្រកូលឱ្យនៅគង់វង្ស ។ ៤-ត្រូវប្រតិបត្តិធ្វើខ្លួនឱ្យសមជាអ្នកទទួលកេរមរតក ។ ៥-ត្រូវធ្វើបុណ្យឧទ្ទិសផលនៅពេលដែលលោកចែកស្ថានទៅហើយ ។
គ្រួសារណាប្រតិបតិ្តតាមលំអានធម៌ដែលត្រូវសង្គ្រោះគ្នាទាំងពីរផ្នែកនេះដោយប្រពៃហើយ គ្រួសារនោះនឹងតាំងនៅក្នុងសិរីសួស្តីជាដរាប ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព