កាលពីថ្ងៃអង្គាររដ្ឋាភិបាលថៃបានរាយការណ៍ថា ថៃមិនមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ-១៩ទេ ហើយក៏គ្មានអ្នកស្លាប់ថ្មីដែរ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសមានចំនួន ៣១៣៥នាក់ និងមានអ្នកស្លាប់ចំនួន ៥៨នាក់។
បច្ចុប្បន្នថៃមានអ្នកជំងឺដែលជាសះស្បើយនិងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យចំនួន២៩៩៣នាក់ និងមានអ្នកជំងឺចំនួន៨៤នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។ លោកស្រីបណ្ឌិត Panprapa Yongtrakul ជំនួយការអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពមេរោគកូវីដ-១៩ បានមានប្រសាសន៍ថា ការបន្ធូរបន្ថយច្បាប់រឹតបន្តឹងអាចធ្វើឱ្យមានការកើនឡើងចំនួនអ្នកឆ្លងជាបន្តទៀតដោយចៀសពុំរួច ព្រោះអាជីវកម្មនិងសកម្មភាពដែលមានហានិភ័យខ្ពស់បានចាប់ផ្តើមឡើងវិញនៅថ្ងៃទី១៥ ខែមិថុនា ហើយប្រជាជនត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំគ្នាម្តងទៀត។ ដូច្នេះអ្នកគ្រប់គ្នាត្រូវពាក់ម៉ាស់ លាងដៃនិងអនុវត្តគោលការណ៍រក្សាគម្លាតឱ្យបានខ្ជាប់ខ្ជួន។
ក្នុងចំណោមអ្នកជំងឺទាំង៣១៣៥នាក់ មានអ្នកឆ្លងក្នុងស្រុកចំនួន២៤៤៤នាក់ និងអ្នកឆ្លងក្រៅស្រុកចំនួន១៩៨នាក់ ដែលពួកគេត្រូវបានដាក់ឱ្យនៅតាមមណ្ឌលដាច់ដោយឡែករបស់រដ្ឋ។ អ្នកឆ្លងដែលមានចំនួនច្រើនជាងគេគឺមានអាយុចន្លោះពី២០ ដល់ ៣៩ឆ្នាំ ពោលគឺជាអ្នកដែលនៅក្នុងវ័យធ្វើការ។ លោកស្រីបណ្ឌិត Panprapa Yongtrakul បានណែនាំថា អ្នកដែលទៅធ្វើការត្រូវពាក់ម៉ាស់ ងូតទឹក និងប្តូរសម្លៀកបំពាក់បន្ទាប់ពីត្រឡប់មកផ្ទះវិញដើម្បីចៀសវាងនាំយកជំងឺនេះទៅសមាជិកគ្រួសារ។
រូបតំណាង
នៅក្នុងពិភពលោកមានអ្នកឆ្លងជំងឺសរុបចំនួន៨.១១លាននាក់ និងមានអ្នកស្លាប់ចំនួន៤៣៩០៨៥នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ២.១៨លាននាក់ និងមានអ្នកស្លាប់ច្រើនបំផុតគឺ១១៨ ២៨៣នាក់។ ប្រទេសប្រេស៊ីលជាប់ចំណាត់ថ្នាក់ទី២ ដោយមានអ្នកឆ្លងចំនួន៨៩១៥៥៦នាក់ និងមានអ្នកស្លាប់ចំនួន៤៤១១៨នាក់។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ Bangkok Post