លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) បានផ្តល់នូវមេរៀនសំខាន់ៗជាច្រើនទាក់ទិននឹងភាពជោគជ័យក្នុងការងារ ការវិនិយោគ អាជីវកម្ម និងក្នុងជីវិត ។ មេរៀនសំខាន់មួយដែលលោកតែងតែលើកឡើងម្តងហើយម្តងទៀតគឺទាក់ទងទៅនឹងការជ្រើសរើសអាជីព ។លោកឧស្សាហ៍និយាយថា «ក្នុងពិភពអាជីវកម្ម មនុស្សដែលជោគជ័យជាមនុស្សដែលធ្វើអ្វីដែលខ្លួនស្រលាញ់» ។
ការធ្វើការងារដែលអ្នកស្រលាញ់ គឺជាកត្តាមួយសំខាន់ដែលអាចជះឥទ្ធិពលលើសុភមង្គលក្នុងរយៈពេលវែងរបស់អ្នកបាន ។ ហើយការដឹងពីអ្វីដែលអ្នកស្រលាញ់គឺជាជំហានដំបូងក្នុងជីវិតរបស់មនុស្សម្នាក់ៗ ។ ការធ្វើការងារដែលខ្លួនស្រលាញ់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន និងអាចជួយឲ្យបុគ្គលម្នាក់មានឱកាសជោគជ័យខ្ពស់ដែរព្រោះតែមូលហេតុខាងក្រោមនេះ ៖
១. អ្នកសុទិដ្ឋិនិយមជាងមុន
មនុស្សដែលធ្វើការងារដែលខ្លួនស្រលាញ់ភាគច្រើនជាងមនុស្សដែលបើកទូលាយទទួលយកឱកាស និងបទពិសោធន៍ថ្មីៗ ។ ពួកគេងាយនឹងសាកល្បងអ្វីដែលថ្មី និងធ្វើអ្វីដែលមានហានិភ័យផងដែរ ដែលអនុញ្ញាតឲ្យពួកគេមានឱកាសរកលុយបានច្រើនជាងមនុស្សដែលមិនមានភាពក្លាហាន ។
២. អ្នកយល់ច្បាស់ពីខ្លួនឯងជាងមុន
ពេលដែលអ្នកចាប់ផ្តើមធ្វើការងារដែលអ្នកស្រលាញ់ អ្នកនឹងចាប់ផ្តើមមើលឃើញភាពស្របគ្នារវាងការងារ គោលការណ៍ និងចំណង់ចំណូលចិត្តរបស់អ្នក ។ វានឹងអនុញ្ញាតឲ្យអ្នកទទួលបានឱកាសកាន់តែច្រើនក្នុងការរៀនសូត្រ និងប្រទះឃើញអ្វីដែលអ្នកចង់សម្រេចបានក្នុងជីវិតរបស់អ្នក ។
៣. អ្នកមានកម្លាំងចិត្តជាងមុន
ការមានចិត្តស្រលាញ់ការងាររបស់ខ្លួនអាចផ្តល់នូវកម្លាំងចិត្តដល់អ្នកបានឲ្យកាន់តែខិតខំប្រឹងប្រែងធ្វើការដើម្បីសម្រេចបានភាពជោគជ័យ ។ ផ្ទុយមកវិញ ប្រសិនបើអ្នកព្យាយាមធ្វើការងារគ្រាន់តែព្រោះវាជាតួនាទីរបស់អ្នកនោះ អ្នកប្រហែលជាមិនអាចមើលឃើញលទ្ធផលការងារល្អដូចមនុស្សដែលស្រលាញ់ការងាររបស់ពួកគេទេ ។
៤. អ្នកនឹងមានឱកាសជោគជ័យច្រើន
យោងទៅតាមលោកបាហ្វេត ពេលដែលអ្នកស្រលាញ់ការងាររបស់អ្នក អ្នកនឹងមិនមានអារម្មណ៍ថាអ្នកកំពុងតែធ្វើការទេពេលដែលព្យាយាមបំពេញកិច្ចការរបស់អ្នក ។ ប្រសិនបើអ្នកជាអាជីវករ នោះអ្នកនឹងអាចឆ្លងកាត់ឧបសគ្គបានល្អជាងមនុស្សទូទៅ ៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព