សុខភាព៖ ជាទូរទៅនៅលើជង្គង់មានថង់សាក់មួយដែលនៅចន្លោះស្បែកនិងឆ្អឹងក្បាលជង្គង់និងជាថង់តូចមួយសំរាប់ធ្វើឲ្យជង្គង់មានចលនាស្រួលនិងជាខ្នើយសំរាប់ទប់ពីការប៉ះទង្គិចនៃជង្គង់នៅពេលធ្វើចលនាផងដែរ។ នៅពេលថង់ខ្នើយនេះរលាកវាចាប់ផ្តើមធ្វើឲ្យជង្គង់ឈឺនិងពិបាកធ្វើចលនាផងដែរ។
តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត សុខ ពុទ្ធី (Health Education Series ) បម្រើការងារនៅមន្ទីរសម្រាកព្យាបាលវឌ្ឍនៈវិជ្ជា បានប្រាប់សុខក្រមឱ្យដឹងថា ការរលាកថង់ទ្រនាប់ជង្គង់ ឬ Knee Bursitis មានកត្តាប្រឈមមុខ និងមូលហេតុដូចជា៖
ប្រឈមមុខ និងមូលហេតុ
➢ ការមានគ្រោះថ្នាក់បោកប៉ះនឹងជង្គង់ដែលធ្វើឲ្យថង់ទ្រនាប់រលាកឬកកឈាម
➢ អ្នកដែលធ្វើការនឹងការលុតជង្គង់យូរៗ
➢ អ្នកដែលមានបញ្ហារលាកសន្លាក់ឆ្អឹងនៅនឹងជង្គង់
➢ អ្នកដែលមានបញ្ហាលើសជាតិអាស៊ីតក្នុងឈាម
➢ អ្នកដែលមានការមុតឬត្រូវសត្វទិចឬខាំនៅតំបន់ថង់ទ្រនាប់ជង្គង់នេះគឺប្រហែល20% គឺមានការធ្វើឲ្យរលាកថង់ទ្រនាប់ដោយការបង្កររោគ ( Septic bursitis )។
រោគសញ្ញា
➢ ឈឺ,
➢ ហើម,តឹង
➢ ក្តៅ
➢ និងពិបាកធ្វើចលនា។
ការកំណត់រោគវិនិច្ឆ័យ
➢ ការសួរប្រវិត្តរបស់អ្នកជំងឺនិងការពិនិត្យកន្លែងដែលឈឺ
➢ ការពិនិត្យថតដោយប្រើ X ray ឬ អេកូក្បាលជង្គង់
➢ ការបូបទឹកឬឈាមដែលដក់នៅក្នុងថង់ទ្រនាប់ទៅវិភាគ។
ការព្យាបាល
➢ ការសំរាកដោយកាត់បន្ថយការធ្វើចលនាជង្គង់ច្រើន
➢ ស្អំទឹកកកដើម្បីកាត់បន្ថយការឈឺចាប់
➢ គេងកល់ជង្គង់ឲ្យខ្ពស់ជាងដងខ្លួន
➢ ពាក់បង់ទ្រនាប់ជំនួយជង្គង់
➢ ការប្រើប្រឆាំងរលាកនិងបំបាត់ឈឺ
➢ និងការព្យាបាលដោយការបូបទឹកទឹកឬឈាមចេញពីថង់ទ្រនាប់ជង្គង់ដែលហើម៕