អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងជើង បានលើកឡើងថា កម្លាំងទាហានប្រទេសនេះ កំពុងតែត្រួតពិនិត្យគម្រោង ដាក់ពង្រាយកម្លាំងទាហាន និងអាវុធ នៅតំបន់ព្រំដែន ជាប់នឹងកូរ៉េខាងត្បូងឡើងវិញក្រោយប្រទេសទាំងពីរប្រឈមមុខតានតឹងដាក់គ្នា។
សារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៦ ខែមិថុនា បានផ្សាយថា កម្លាំងទាហានកូរ៉េខាងជើង បានត្រៀមលក្ខណៈដាក់ទាហាន នៅតាមតំបន់ព្រំដែនឡើងវិញ ក្រោយការដកចេញតាមកិច្ចព្រមព្រៀងទ្វេភាគី នាពេលកន្លងមក។
ដោយឡែកសារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានដកស្រង់សម្ដីរបស់អគ្គមេបញ្ជាការកម្លាំងទាហានប្រជាជនកូរ៉េខាងជើង បានបញ្ជាក់ថា «កម្លាំងទាហានរបស់យើងបានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាព ព្រំដែន ក្រោយទំនាក់ទំនងធ្លាក់ក្នុងស្ថានភាពដ៏អាក្រក់។ ទាហានបានត្រៀមលក្ខណៈជានិច្ច ក្នុងការធ្វើសង្គ្រាម »។
នៅក្នុងសេចក្តីប្រកាសរបស់មេទ័ពកូរ៉េខាងជើង បានបញ្ជាក់ថា «យើងបានរៀបចំគម្រោង ធ្វើសកម្មភាពយោធា នៅតំបន់ព្រំដែន ដើម្បីការពារដែនអធិបតេយ្យរបស់ខ្លួន»។
កាលពីពេលកន្លងមកថ្មីៗ មេដឹកនាំកូរ៉េខាងត្បូង ប្រធានាធិបតី មូន ជេអ៊ីន បានអំពាវនាវដល់កូរ៉េខាងជើងឲ្យបញ្ចប់សកម្មភាព បង្កឲ្យមានភាពតានតឹង នៅក្នុងតំបន់។
ក្រុមអ្នកឯកទេសវិភាគ បានលើកឡើងថា ការដែលកូរ៉េខាងជើង ខឹងសម្បរយ៉ាងខ្លាំង ហើយកាត់ផ្តាច់ទំនាក់ទំនង ដោយសារតែភាគីកូរ៉េខាងត្បូង បានបំពានដល់កិច្ចព្រមព្រៀង ក្រោយពេលមានក្រុមប្រឆាំងកូរ៉េខាងជើង លួចបង្ហោះប៉េងប៉ោងនាំសារ ពាក់ព័ន្ធនឹងស្បៀងអាហារ ចូលទៅកាន់ទឹកដីកូរ៉េខាងជើង៕ ប្រែសម្រួលដោយ៖ MEO