
វ៉ែនតារបស់មហាត្មៈគន្ធីដាក់លក់ដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់គួរឱ្យភ្ញាក់ផ្អើល
ប្រទេសឥណ្ឌា ៖ វ៉ែនតារាងមូលរបស់មហាត្មៈ គន្ធី ជាវីរបុរសនៃឯករាជ្យឥណ្ឌា ត្រូវបានដាក់លក់ដោយការដេញថ្លៃបានក្នុងតមៃ្លដល់២៦០.០០០លីហ្វ្រស្ទ័រលីញ ប្រមាណជា២៨៨.០០០អឺរ៉ូ កាលពីយប់ថ្ងៃទី២១ សីហា ។ នេះជាការប្រកាសកាលពីថ្ងៃទី២២ សីហា របស់ផ្ទះដេញថ្លៃ EASTBRISTOL AUCTIONS ។
ផ្ទះដេញថ្លៃនោះបានសរសេរលើបណ្ដាញសង្គមថា តាមពិតទៅវ៉ែនតារាងមូលនោះត្រូវបានគេប៉ាន់ថា អាចលក់បានក្នុងតម្លៃរវាងពី១១.០០០ទៅ១៧.០០០អឺរ៉ូ ។ វ៉ែនតានោះត្រូវបានមហាត្មៈ គន្ធី ផ្ដល់ដល់បុគ្កលម្នាក់ជាការអរគុណចំពោះអំពើល្អមួយ ។ ក្រោយការប្រកាសពីការដេញថ្លៃលក់បានក្នុងតម្លៃដ៏ខ្ពស់បែបនេះម្ចាស់វ៉ែនតានោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ។
វ៉ែនតានោះត្រូវបានមហាត្មៈគន្ធីផ្ដល់កាលពីទសវត្សឆ្នាំ១៩២០ ។ អ្នកប្រកាន់ធម៌អហិង្សារូបនោះតែងផ្ដល់ជារឿយៗនូវវ៉ែនតាចាស់ៗរបស់លោក ឲ្យដល់បណ្ដាអ្នកដែលធ្លាប់ជួយលោក ។ វ៉ែនតាមួយនេះត្រូវបានមហាត្មៈគន្ធីផ្ដល់ឲ្យដល់ឪពុកមារបស់អ្នកដាក់លក់កាលពីទសវត្សឆ្នាំ១៩២០ ។ មារបស់គេនាសម័យកាលនោះជាអ្នកធ្វើការក្នុងក្រុមហ៊ុន BRITISH PETROLEUM នៅអាហ្វ្រិកខាងត្បូង៕ ផ្ដល់សិទ្ធដោយ៖ កោះសន្តិភាព