Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទីក្រុងមូស្គូ ជំរុញឲ្យពលរដ្ឋស្នាក់នៅតាមផ្ទះ មើលទិវាជ័យជម្នះតាមទូរទស្សន៍

ដោយសារការភ័យខ្លាចពីការឆ្លងរាតត្បាតកូវីដ១៩ ទើបវិមានក្រឹមឡាំងរបស់ប្រធានាធិបតីរុស្ស៊ី បានជំរុញឲ្យប្រជាពលរដ្ឋ រស់នៅទីក្រុងមូស្គូ ត្រូវស្នាក់នៅតាមផ្ទះ ហើយមើលក្បួនព្យុហយាត្រា នៃទិវាជ័យជម្នះលើកទី៧៥របស់សហភាពសូវៀត នៅលើរបបណាហ្ស៊ី តាមកញ្ចក់ទូរទស្សន៍។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានថ្លែង កាលពីថ្ងៃទី១៥ ខែមិថុនា ថា ប្រជាជនរស់នៅរដ្ឋធានីមូស្គូ នឹងអាចរីករាយជាមួយនឹងកម្មវិធីបញ្ចាំងយ៉ាងពិសេសពីព្យុហយាត្រាទិវាជ័យជម្នះ នៅវិមានក្រហម នាទីក្រុងមូស្គូ តាមកញ្ចក់ទូរទស្សន៍។ ក្រុមជំនាញនឹងផ្សាយពីពិធីនេះយ៉ាងទូលំទូលាយ តាមបច្ចេកទេសដ៏ទំនើបបំផុតរបស់រុស្ស៊ី។

ជាមួយគ្នានេះដែរ លោក Sergei Sobyanin អភិបាលក្រុងមូស្គូ បានជំរុញឲ្យអ្នករស់នៅក្នុងទីក្រុងនេះ ត្រូវតែស្នាក់នៅតាមផ្ទះរបស់ខ្លួន ហើយទស្សនាពីក្បួនព្យុហយាត្រារបស់កងទ័ព នៅវិមានក្រហម តាមកញ្ចក់ទូរទស្សន៍។ ការលើកឡើងរបស់លោកអភិបាលក្រុងបែបនេះ ក៏ដើម្បីជាវិធានការមួយ សម្រាប់ការទប់ស្កាត់នូវការរាតត្បាត នៃកូវីដ១៩ផងដែរ។

លោក Peskov បានគូសបញ្ជាក់ថា វិមានក្រឹមឡាំង​បានយល់យ៉ាងច្បាស់ អំពីការសម្រេចចិត្តនេះ ព្រោះតំបន់ជាច្រើនរបស់ប្រទេសរុស្ស៊ី មានការរឹតបន្ដឹង អំពីការចូលរួមខួបលើកទី៧៥ នៃទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ី (Nazi) អាល្លឺម៉ង់ នៅក្នុងមហាសង្រ្គាមរបស់អ្នកស្នេហាជាតិ ចន្លោះពី១៩៤១-១៩៤៥។

សូមជម្រាបថា ទិវាជ័យជម្នះរបស់សហភាពសូវៀត លើរបបណាហ្ស៊ីនេះ តែងតែប្រារព្ធឡើង នៅថ្ងៃទី៩ ខែឧសភា ជារៀងរាល់ឆ្នាំ។ ប៉ុន្ដែដោយសារការរាតត្បា នៃកូវីដ១៩ ទើបប្រធានាធិបតីរុស្ស៊ី បានលើកពេលមកធ្វើ នៅថ្ងៃទី២៤ ខែមិថុនា វិញ។ នៅក្នុងពិធីនោះ រុស្ស៊ីបានត្រៀមកម្លាំងទ័ព កងរថក្រោះ រថយន្ដពាសដែក និងគ្រឿងចម្បាំងដ៏ទំនើប និងថ្មីបំផុត នាំ មកបង្ហាញផងដែរ។

បើយោងតាមគេហទំព័រ Worldometer បានផ្សាយថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ប្រទេសរុស្ស៊ី មានអ្នកឆ្លងកូវីដ១៩ សរុប ៥៣៧ ២១០នាក់ ស្លាប់ ៧ ០៩១នាក់ និងជាសះស្បើយ ២៨៤ ៥៣៩នាក់៕ ប្រែសម្រួល ដោយ Nuon

from: https://tnaot.com/km/m/detail/article/9388564