
ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន (Moon Jae-In) មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំ គីម ជុងអ៊ុន ។ មិនតែប៉ុណ្ណោះ លោកធ្លាប់ទៅបំពេញទស្សនកិច្ច នៅទីក្រុងព្យុងយ៉ាង ថែមទៀតផង។ មេដឹកនាំទាំងពីរ បានចេញសេចក្តីប្រកាសរួម ស្វែងរកសន្តិភាព នៅក្នុងតំបន់ ។
រហូតមកដល់ពេលនេះ ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានចេញមុខអំពាវនាវដល់កូរ៉េខាងជើង បញ្ឈប់សកម្មភាពដែលធ្វើឲ្យប្រទេសទាំងពីរ ប្រឈមមុខតានតឹងសាជាថ្មី។ ការអំពាវនាវរបស់ប្រធានាធិបតី មូន ជេអ៊ីន បានកើតឡើង ក្រោយពេលមេដឹកនាំកូរ៉េខាងជើង ព្រមានកាត់ផ្តាច់រាល់ទំនាក់ទំនងជាមួយកូរ៉េខាងត្បូង។
មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នៅថ្ងៃទី១៥ ខែមិថុនា ប្រធានាធិបតី មូន ជេអុីន បានលើកឡើងថា លោកពិតជាសោកស្តាយយ៉ាងខ្លាំង ដែលទំនាក់ទំនង រវាងកូរ៉េខាងជើង និងអាមេរិក មិនមានការរីកចម្រើនដូចការចង់បាន។ ប៉ុន្តែលោកបានលើកឡើងថា នេះជាពេលវេលាដែលកូរ៉េទាំងពីរចំាបាច់ ត្រូវតែស្វែងរកចំណុចល្អ ដើម្បីបញ្ចប់ការជាប់គាំង ផ្នែកនយោបាយនេះ។
ពាក់ព័ន្ធនឹងសេចក្តីប្រកាសរួម ដែលប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន និងមេដឹកនាំ គីម ជុងអ៊ុន ចំនួនពីរលើកកន្លងមក នៅព្រំដែន និងនៅទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៨ លោក មូន បញ្ជាក់ថា «ពាក្យសន្យា ស្ដីពីសន្តិភាព នៅឧបទ្វីបកូរ៉េរបស់មេដឹកនាំ គីម ជុងអ៊ុន បាននិយាយទៅកាន់ពលរដ្ឋ៨០លាននាក់ គឺជារឿងមិនអាចក្រឡាស់បានឡើយ»។
លោក មូន បន្តទៀតថា«កូរ៉េខាងជើង មិនគួរកាត់ផ្តាច់បណ្តាញទំនាក់ទំនង នៅព្រំដែនឡើយ ព្រោះវាអាចជំរុញឲ្យវិលត្រឡប់ទៅរកភាពតានតឹង ដូចកាលពីអតីតកាល ។ ខ្ញុំសង្ឃឹមថា យើងនឹងដោះស្រាយរាល់បញ្ហាប្រឈមមុខ តាមបណ្តាញទំនាក់ទំនងនោះ» បាន ៕ ប្រែសម្រួលដោយ MEO