កីឡាករ Pierre Kalulu ខ្សែការពាររបស់ក្លិប Olympique Lyon ត្រូវបានគេរាយការណ៍ថា នឹងធ្វើដំណើរទៅប្រទេសអ៊ីតាលីនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនចុះកុងត្រារយៈពេល៥ ឆ្នាំជាមួយក្លិប AC Milan។
យោងតាមកាសែតអ៊ីតាលី La Gazzetta dello Sport បានឱ្យដឹងថា ក្លិប Milan ឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Lyon ក្នុងការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំងវ័យ១៧ឆ្នាំហើយ។ បើតាមប្រភពដដែលបានអះអាងថា ខ្សែការពាររូបនេះ បានបដិសេធសំណើក្លិបនៅលីគកំពូលអេស្ប៉ាញ និងអាល្លឺម៉ង់ផងដែរ មុនសម្រេចចិត្តចូលរួមជាមួយ Milan រហូតដល់ឆ្នាំ២០២៥។
បច្ចុប្បន្ន Kalulu កំពុងលេងនៅថ្នាលយុវជនរបស់ក្លិប Lyon ហើយក៏ធ្លាប់ចូលរួមក្នុងឈុតធំរបស់ក្លិបផងដែរ ប៉ុន្តែមិនមានឱកាសបានចូលលេងទេ។ ខ្សែការពាររូបនេះ នឹងផ្លាស់មកលេងឱ្យក្លិប Milan នៅរដូវកាលក្រោយ ដោយសង្ឃឹមថានឹងអាចមានឱកាសពង្រឹងសមត្ថភាពជាមួយក្លិបថ្មីបានច្រើន។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia