លោក Daniele Doveri នឹងត្រូវធ្វើជាអាជ្ញាកណ្តាល កាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ Coppa Italia នៅពេលក្រុម Napoli ក្រកួតជាមួយក្រុម Juventus នៅថ្ងៃពុធសប្តាហ៍នេះ ហើយនេះក៏ជាការកាត់សេចក្តីលើកចុងក្រោយរបស់លោកផងដែរ។
លោក Doveri ជាអាជ្ញាកណ្តាលសញ្ជាតិអ៊ីតាលី កើតនៅថ្ងៃទី១០ ខែវិឆ្ឆិកា ឆ្នាំ១៩៧៧។ បច្ចុប្បន្ន លោកមានវ័យ៤២ឆ្នាំ ហើយជាអាជ្ញាកណ្តាលមួយរូបប្រចាំនៅក្នុងប្រទេសអ៊ីតាលី។
អាជីពជាអាជ្ញាកណ្តាលរបស់លោក បានចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ២០០២ ដោយពេលនោះលោកកាត់សេចក្តីត្រឹមលីគបាល់ទាត់ Serie D ប៉ុណ្ណោះ នៅប្រទេសអ៊ីតាលី ដែលមានរយៈពេល៤ឆ្នាំ។ ឆ្នាំ២០០៦-២០០៩ លោកបានកាត់សេចក្តីនៅក្នុងលីគបាល់ទាត់ Serie C។ ឆ្នាំ២០០៩-២០១១ លោកបានកាត់សេចក្តីនៅក្នុងលីគបាល់ទាត់ Serie B។ លុះចាប់តាំងពីឆ្នាំ២០១១ មករហូតដល់ពេបច្ចុប្បន្ន លោកបានកាត់សេចក្តីនៅក្នុងលីគកំពូល Serie A។
នៅឆ្នាំនេះ លោកបានកាត់សេចក្តីសរុបទាំងអស់ចំនួន១៧ប្រកួត ហើយលោកបានចាយកាតទៅឱ្យកីឡាករអស់៦៥សន្លឹក ដែលក្នុងនោះមានកាតលឿងចំនួន៦៣សន្លឹក។
គួរឱ្យដឹងដែរថា ក្រុម Napoli នឹងត្រូវប្រកួតជាមួយក្រុម Juventus នៅថ្ងៃពុធ ទី១៨ ខែមិថុនា វេលាម៉ោង២:០០នាទីយប់ ម៉ោងនៅកម្ពុជា។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia