ខេត្តព្រៃវែង៖ ពិតជាដូចពាក្យចាស់បុរាណដែលបានលើកឡើងថា ឈាមស្រែក ស្បែកហៅប្រាកដមែន គឺនៅទីបំផុតជនដែលជាឃាតករសម្លាប់ស្ត្រីម្នាក់នៅចំណុចទឹកប្រឡាយ ក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី22 ខែសីហា នៅចំណុចបេនឡាន ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាតករសារភាពថា បានលួងលោមសុំជនរងគ្រោះរួមមេត្រី តែនាងមិនព្រម ទើបប្រវាយប្រតប់គ្នារហូតធ្វើឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ដោយមិនអស់ចិត្តក៏ចុះច្របាច់.កនាង រួចចាប់ជ្រមុជទឹកទៀត ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងហើយ និងកំពុងកសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី។
ជនដែលត្រូវបានឃាត់ខ្លួននេះមានឈ្មោះ អុិម រត្ន័ (ហៅឆ្អឹង) ភេទប្រុស អាយុ 20ឆ្នាំ មានទីលំនៅក្នុងភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ចំណែកនារីរងគ្រោះអាយុ២៦ឆ្នាំ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយនាងមិនសូវមានសតិគ្រប់ផង។
តាមកំណត់ហេតុរបស់សមត្ថកិច្ច បង្ហាញថា កាលយប់ថ្ងៃកើតហេតុ ថ្ងៃទី19 សីហា វេលាម៉ោង7និង30នាទីយប់ ជនសង្ស័យរួមនឹងបក្ខពួក2នាក់ទៀតបានជិះម៉ូតូមួយគ្រឿងនាំនារីរងគ្រោះចេញពីចំណុចផ្លូវលំក្នុងភូមិយកទៅបាត់មិនដឹងនាំទៅកាន់ទីណា។ ភ្លាមៗនោះក្រុមគ្រួសារនារីរងគ្រោះខំព្យាយាមតាមរកដែរ តែរកមិនឃើញ លុះរហូតដល់ព្រឹកថ្ងៃទី២១សីហា ក៏ប្រទះឃើញសាកសពនារីរងគ្រោះបាត់បង់ជីវិតនៅក្នុងទឹកប្រឡាយផ្លូវចូលវត្តប្រស្រែទៅម្ដង។
ដោយឡែកតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឃីម ហៅឆ្អឹង បានសារភាពថា ក្រោយពេលដែលនារីរងគ្រោះព្រមឡើងជិះម៉ូតូមកជាមួយហើយ ពួកគេក៏នាំនារីរងគ្រោះមកកាន់ផ្លូវបេតុងចូលវត្តប្រស្រែ (កន្លែងកើតហេតុ) ក្នុងភូមិស្វាយតានី ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរូបនេះ សារភាពថា លុះពេលមកដល់ រូបគេបានឱ្យបក្សពួក២នាក់ទៀតជិះម៉ូតូទៅយកម៉ូតូមួយគ្រឿងផ្សេងទៀតនៅផ្ទះ ដោយទុកឱ្យនារីរងគ្រោះ និងរូបគេនៅតែ២នាក់តទល់ បន្ទាប់មក រូបគេក៏លួងលោមសុំនារីរងគ្រោះរួមមេត្រី ប៉ុន្តែនារីរងគ្រោះមិនព្រម ទើបមានការប្រវាយប្រតប់គ្នា រហូតបណ្ដាលឱ្យនាងធ្លាក់ចូលទៅក្នុងទឹកប្រឡាយតែម្តង តែដោយមិនអស់ចិត្ត រូបគេក៏ចុះទៅច្របាច់.កនាង រួចជ្រមុជក្នុងទឹកប្រឡាយនោះថែមទៀត ប្រមាណជា20នាទី ទើបគេលែងដៃរួចឡើងមកលើផ្លូវវិញ។ លុះពេលនោះបក្សពួក2នាក់ទៀតបានមកដល់ល្មម ហើយសួររកនារីរងគ្រោះ រូបគេក៏ប្រាប់ថា នាងធ្លាក់ចូលទឹកប្រឡាយបាត់ហើយ ឲ្យជួយលើកនាងផង ប៉ុន្តែបក្សពួក2នាក់នោះមិនព្រមជួយលើកទេ ។ ក្រោយមកក៏នាំគ្នាជិះម៉ូតូទៅបាត់តែម្តង ទើបរូបគេឡើងជិះម៉ូតូចេញទៅដែរ ដោយមិនបានដឹងថា នារីរងគ្រោះបានបាត់បង់ជីវិតនោះទេ បន្ទាប់មករូបគេក៏ធ្វើដំណើរឡើងទៅភ្នំពេញនៅយប់នោះតែម្ដង។
បើតាមការរៀបរាប់ពីម្តាយបង្កើតរបស់នារីរងគ្រោះវិញ ថានៅពេលបុរសទាំង៣នាក់នោះទៅឌុបកូនស្រីគាត់ចេញពីផ្ទះទៅ គាត់ជាម្តាយបានទទឹងមើលផ្លូវកូនពេញ១យប់ បារម្ភខ្លាចកូនមានគ្រោះថ្នាក់ ដោយម្យ៉ាងកូនស្រីគាត់ជាមនុស្សមានសតិមិនគ្រប់គ្រាន់ផង ។
ស្ត្រីជាម្តាយនិយាយថា តាំងពីបុរស៣នាក់នោះឌុបកូនគាត់ចេញទៅ គាត់បានខិតខំសាកសួរអ្នកជិតខាង និងដើរស្វែងរកដំណឹងពីកូនស្រីដែរតែមិនឃើញ ស្រាប់តែថ្ងៃទី២១ ខែសីហា ពោលគឺ៣ថ្ងៃក្រោយមក ក៏មានអ្នកស្រុកប្រទះឃើញកូនស្រីគាត់ត្រូវគេវាយសម្លាប់ រួចចោលសាកសពឲ្យនៅអណ្តែតទឹកប្រឡាយតែម្តង។
ពេលនោះសមត្ថកិច្ចបានធ្វើកោសលវិច្ច័យលើសាកសពជនរងគ្រោះ ទើបឃើញមានស្នាមរបួសចំនួន៣កន្លែង គឺ១.ក្រោមភ្នែកខាងស្ដាំ, ២.ចំកញ្ចប់មាត់ និង៣.ចំច្រមុះ ទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានបាត់បង់ជីវិតដោយសារតែអំពើឃាតកម្ម៕ ផ្តល់សិទ្ធដោយ៖ កោះសន្តិភាព