កីឡាករ Fernando Muslera ដែលជាអ្នកចាំទីរបស់ក្លិប Galatasaray បានរងរបួសបាក់ជើងខាងស្តាំ នៅអំឡុងពេលលេងការប្រកួតជាមួយក្រុម Rizespor ក្នុងពានរង្វាន់ Super Lig នៅឯប្រទេសតួកគីកាលពីថ្ងៃអាទិត្យ។
អ្នកចាំទីសញ្ជាតិអ៊ុយរូហ្គាយរូបនេះ ត្រូវបានប្តូរចេញនៅនាទីទី២៤ ហើយជំនួសមកវិញដោយអ្នកចាំទី Okan Kocuk។ រូបគេត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីក្រុមគ្រួពេទ្យក្នុងក្លិបចូលទៅពិនិត្យស្ថានភាពរបួស។ មូលហេតុដែលបណ្តាលឱ្យអ្នកចាំទីវ័យ៣៣ឆ្នាំរូបនេះបាក់ជើង គឺបណ្តាលមកពីការរត់ទៅឃាំងបាល់ពីការទាត់សំដៅទីរបស់ខ្សែប្រយុទ្ធ Milan Skoda ដើម្បីសង្រ្គោះសំណាញ់ទី ប៉ុន្តែជាអកុសលជើងរបស់គេត្រូវបានប៉ះទង្គិចគ្នាមួយទំហឹង ក៏បណ្តាលឱ្យបាក់តែម្តងទៅ។
ក្រោយអ្នកចាំទី Muslera មានបញ្ហារបួស ក្លិប Galatasaray បានបរាជ័យក្រោមថ្វីជើងរបស់ក្រុម Rizespor ក្នុងលទ្ធផល ២-០។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore