រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងធ្វើអំពីថ្មក្រោមឈើលើ និងប្រក់ស័ង្គសី ត្រូវអគ្គិភ័យឆាបឆេះទាំងស្រុង កាលពីល្ងាច ថ្ងៃទី២២ ខែសីហា ស្ថិតនៅមុខសាលាបឋមសិក្សាជ័យជំនះ តាមបណ្តោយផ្លូវ៣៨៦ ក្រុម១១ ក្នុងភូមិ៨ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង តែសំណាងល្អមិនមានអ្នករងរបួសឡើយ។
ក្នុងប្រតិបត្តិការបាញ់ពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលរាជធានីភ្នំពេញចំនួន១០គ្រឿង ដោយប្រើប្រាស់ទឹកអស់២០ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្តរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន , រថយន្តស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន និងរថយន្តទីក្រុងអូរឡាំព្យា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ។
ចំពោះមូលហេតុនៃការឆាបឆេះនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវនៅឡើយ តែតាមប្រជាពលរដ្ឋនៅទីតាំងកើតហេតុនេះ បាននិយាយថា មុនពេលឆាបឆេះ គាត់បានលឺសំឡេងផ្ទុះហ្គាសចេញពីបន្ទប់ខាងលើ លុះមួយស្ទុះក្រោយមកក៏មានអ្នកស្រែកឲ្យគេជួយផង និងមានអណ្តាតភ្លើងឆាបឆេះផ្ទះឈើខាងលើ ថ្មក្រោមយ៉ាងសន្ធោសន្ធៅតែម្តង ។ ខណៈនោះប្រជាពលរដ្ឋនៅជុំវិញកន្លែងកើតហេតុនោះបាននាំគ្នារើឥវ៉ាន់ចេញយ៉ាងញាប់ដៃញាប់ជើង ព្រមទាំងបើកទឹកទុយោបាញ់បណ្តើរ រួចទាក់ទងទៅរថយន្តសង្គ្រោះ រហូតដល់រថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាគមន៍អស់ជាច្រើនគ្រឿង បាញ់ពន្លត់ទាន់ពេលវេលាមិនរាលដាលដល់ផ្ទះអ្នកដទៃឡើយ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បង្ហាញថា ផ្ទះចំនួន៣ខ្នងដែលត្រូវបានអគ្គិភ័យឆាបឆេះនោះ ទី១-ម្ចាស់ផ្ទះឈ្មោះ កែវ ហ៊ី ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ, ទី២-ឈ្មោះ សោម សារឿន ភេទប្រុស អាយុ៦៧ឆ្នាំ មុខរបរនៅផ្ទះ និងម្ចាស់ផ្ទះទី៣ មិនស្គាល់ឈ្មោះ។ ចំពោះទំហំនៃការខូចខាតផ្ទះចំនួន៣ខ្នងនោះ គឺជាប្រភេទសំណង់ផ្ទះថ្មក្រោមឈើលើប្រក់ស័ង្កសី ដែលមានទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ រីឯសំភារៈខូចខាតផ្ទះចំនួន៣ខ្នងគឺអស់ទាំងស្រុង៕ ដោយ៖ ត្នោត