ព្រះខ័នរាជដែលស្ដេចថៃធ្វើពិធីអភិសេកគឺជាព្រះខ័នរាជរបស់ស្ដេចខ្មែរតាំងពីបុរាណកាលមក ដែលត្រូវបានគេរកឃើញក្នុងបឹងទន្លេសាបហើយជនក្បត់ជាតិឈ្មោះ ប៉ែនយកប្រគល់ឲ្យទៅស្ដេចថៃ ជាថ្នូរនឹងការដូរយកបុណ្យសក្ដិ និងទ្រព្យសម្បត្តិ។
រឿងពិតដែលបានចារក្នុងព្រះរាជពង្សាវតារថៃបានរៀបរាប់ថា ព្រះខ័នរាជនេះមានឈ្មោះថាជ័យស្រី ឬ พระแสงขรรค์ชัยศรี ជាគ្រឿងសម្រាប់រាជ្យ ឬហៅថារាជកកុធភណ្ឌ ឬគ្រឿងបញ្ចក្សត្រ របស់ស្ដេចមហានគរ។ គេទទួលបានដុំលោហៈធ្លាក់ពីលើមេឃជាដុំភ្លើងដ៏ធំដែលអាទិទេពប្រទានក្នុងពិធីសាសនាដ៏អស្ចារ្យ។
រាជគ្រូខ្មែរសម័យនោះ បានយកមកលត់ជាផ្លែព្រះខ័នដ៏អស្ចារ្យនេះ ប៉ុន្តែក្រោយសង្គ្រាមច្រើនសម័យកាល ព្រះខ័នបានធ្លាក់ចូលក្នុងទន្លេសាប។ នាសម័យឧដុង្គ ក្នុងរជ្ជកាលព្រះបាទនារាយណ៍រាជាទី៣ ឬ ព្រះអង្គអេង មានអ្នកនេសាទខ្មែរម្នាក់រកឃើញ ព្រះខ័នរាជនេះនៅក្នុងបឹងទន្លេសាបក្នុងខេត្តសៀមរាប ខ្លះថាបាត់ដំបងនៅ គ.ស.១៧៨៣។
អ្នកនេសាទនោះ ក៏បាននាំយកទៅថ្វាយចៅហ្វាប៉ែន ហើយចៅហ្វាយខេត្តសៀមរាបរូបនោះ បានយកព្រះខ័នរាជទៅថ្វាយស្តេចសៀមនាម ពុទ្ធយ៉តហ្វាចុឡាលោក ឬព្រះចៅរាមាទី១។ ក្នុងប្រវត្តិសាស្ត្រខ្មែរ គេបានចាត់ទុកចៅហ្វាប៉ែន ជាជនក្បត់ជាតិ ដោយសារលោកបានស្នើសុំឲ្យស្ដេចសៀមទាមទារខេត្តបីនៅភាគពាយ័ព្យរបស់ខ្មែរ ទៅភ្ជាប់នឹងរាជាណាចក្រសៀម ដោយសុំឲ្យខ្លួនធ្វើជាអ្នកគ្រប់គ្រងលើបណ្ដាខេត្តទាំងនោះ។
ថ្ងៃដែលព្រះខ័នរាជមកដល់ក្រុងទេពមហានគរ (ក្រុងបាងកក) មានអព្ភូតហេតុរន្ទះបាញ់ចំនួន ៧កន្លែង នៅក្នុងក្រុងលាន់ឮសន្ធឹកពេញឰដ៏អាកាស ហើយបាញ់ចំទីតាំងដង្ហែព្រះខ័នរាជនោះចំនួន៧កន្លែងដូចជានៅឯទ្វារវិសេសជ័យស្រី និងទ្វារវិមានជ័យស្រីដែលសុទ្ធសឹងជាផ្លូវដង្ហែព្រះសែងខ័នជ័យស្រីនេះ ឆ្លងកាត់ចូលទៅក្នុងព្រះបរមរាជវាំងសៀម ក្នុងក្រុងរតនគោសិន្ទ។
ដើម្បីរំងាប់ព្រះមហាក្សត្រថៃ បានបញ្ជាឱ្យជាងទងស្ថាបនាដង និងស្រោមព្រះខ័នឡើងអំពីមាសលាយចម្រុះដោយត្បូងមានតម្លៃ ហើយរៀបចំអភិសេកឲ្យក្លាយជាគ្រឿងសម្រាប់រាជ្យមួយ ក្នុងចំណោមគ្រឿងបញ្ចក្សេត្រដទៃទៀត សម្រាប់យកមកប្រារព្ធព្រះរាជពិធីបរមរាជាភិសេកព្រះមហាក្សត្រថៃ នៅក្នុងឆ្នាំ១៧៨៥ ហើយបានបន្តប្រើរហូតមកដល់បច្ចុប្បន្ន៕