ឆ្នាំ ២០២០ នេះពោរពេញទៅដោយរឿងដែលមិនអាចនឹកស្មានទុកមុនបាន ក្នុងពេលដែលស្ទើរគ្រប់វិស័យទាំងអស់កំពុងជួបការលំបាកក្នុងការឆ្លងកាត់ឆ្នាំនេះ ។ ជាមួយគ្នានេះដែរ បុគ្គលិកគ្រប់វិស័យក៏ជួបការលំបាកក្នុងការសម្របខ្លួនទៅនឹងបរិស្ថានធ្វើការថ្មី ។
ប្រសិនបើអ្នកធ្វើការឲ្យក្រុមហ៊ុនរបស់អ្នកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ឬកំពុងតែទទួលរ៉ាប់រងការងារកាន់តែច្រើនក្នុងពេលថ្មីៗនេះ អ្នកប្រហែលជាមានចិត្តចង់សុំឡើងប្រាក់ខែ ។ ប៉ុន្តែតើវាសមហេតុសមផលដែរទេ ក្នុងការលើកឡើងពីប្រធានបទនេះ?
ចម្លើយ គឺខុសគ្នាទៅតាមស្ថានភាពក្រុមហ៊ុនរបស់អ្នក ។ ហើយមុខសញ្ញាខាងក្រោមនេះនឹងប្រាប់អ្នកថា វាជាពេលល្អក្នុងការស្នើសុំឡើងប្រាក់ខែ ៖
១. ពេលដែលក្រុមហ៊ុនរបស់អ្នកមិនមានបញ្ហាហិរញ្ញវត្ថុ
អាជីវកម្មមួយចំនួនស្ទើរតែដួលរលំទាំងស្រុងតាំងពីការផ្ទុះជំងឺកូវីដ ១៩ កន្លងមកនេះ ខណៈដែលក្រុមហ៊ុនមួយចំនួនទៀតបែរជាមើលឃើញការលូតលាស់យ៉ាងលឿនទៅវិញ ជាពិសេសក្រុមហ៊ុនក្នុងវិស័យបច្ចេកវិទ្យាជាដើម ។ ប្រសិនបើក្រុមហ៊ុនរបស់អ្នកមិនជួបប្រទះនូវបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរទេនោះ អ្នកអាចលើកពីប្រធានបទនេះបានឲ្យតែអ្នកបានធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ។
២. អ្នកឧស្សាហ៍ត្រូវបានអ្នកដទៃទទួលស្គាល់
បញ្ហាដែលកើតមានឡើងក្នុងឆ្នាំ ២០២០ នេះភាគច្រើនជាបញ្ហាដែលមនុស្សជាច្រើនមិនដែលជួបប្រទះពីមុនមក ។ ជាលទ្ធផល មនុស្សមួយចំនួនធ្លាក់ក្រោមសម្ពាធធ្វើអ្វីមិនចេញ ខណៈដែលមនុស្សមួយចំនួនទៀតបញ្ចេញភាពក្លាហានិងភាពច្នៃប្រឌិតព្យាយាមដោះស្រាយបញ្ហាទាំងនោះទៅវិញ ។ ប្រសិនបើអ្នកស្ថិតក្នុងចំណោមមនុស្សប្រភេទទីពីរនោះអ្នកគួរតែកត់ត្រាទុកនូវការសម្រេចធំៗរបស់អ្នក ។
ជាមួយគ្នានេះផងដែរ ប្រសិនបើអ្នកតែងតែទទួលបាននូវការទទួលស្គាល់ពីមនុស្សដទៃ វាប្រហែលជាដល់ពេលល្អហើយក្នុងការសុំឡើងប្រាក់ខែ ។
៣. ពេលដែលក្រុមហ៊ុនកំពុងរកបុគ្គលិកថ្មី
អ្នកអាចឧស្សាហ៍តាមដានការប្រកាសក្នុងក្រុមហ៊ុនអ្នកបានដើម្បីដឹងថា ក្រុមហ៊ុនអ្នកកំពុងតែរកបុគ្គលិកថ្មី ឬទេ ? ។ ប្រសិនបើពួកគេកំពុងតែរកបុគ្គលិកថ្មីនោះ វាជាឱកាសល្អក្នុងការសុំឡើងប្រាក់ខែហើយ ។ ទោះជាពួកគេមិនអាចផ្តល់ជូនតាមសំណើររបស់អ្នកពិតមែនក្តីអ្នកនៅតែអាចទាមទារអត្ថប្រយោជន៍មួយចំនួនដូចជាចំនួនថ្ងៃសម្រាកបន្ថែម ឬប្រាក់បូណឺសជាដើម ។
យ៉ាងណាក្តី អ្នកត្រូវតែស្មោះត្រង់នឹងខ្លួនឯង និងព្យាយាមវាយតម្លៃលើការងាររបស់អ្នក ។ អ្វីដែលសំខាន់ គឺអ្នកគួរតែព្យាយាមតាមដាននិងកត់ត្រាទុកនូវការសម្រេចនានាក្នុងការងាររបស់អ្នក ៕ផ្តល់សិទ្ធដោយកោះសន្តិភាព