កំពង់ស្ពឺ៖នៅវេលាថ្ងៃត្រង់ទី២២ ខែសីហា ឆ្នាំ២០២០ នេះ លោកវរសេនីយ៍ទោ កង ភារី អធិការរងទទួលការងារសន្តិសុខនៃអធិការដ្ឋាននគរបាលស្រុកសំរោងទង និង កូនចៅ៦នាក់ បានបញ្ជូនដល់តុលាការខេត្តកំពង់ស្ពឺ ហើយ ដើម្បីចាត់ការតាមច្បាប់ ករណីពេលផឹកស៊ីស្រវឹងបែរជានាំគ្នាបាញ់បោះសេរី យ៉ាងអនាធិបតេយ្យ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ដែលនាំអោយប្រជាពលដ្ឋាជាច្រើនរិះគន់យ៉ាងខ្លាំង
សមត្ថកិច្ច អះអាងថា ជនសង្ស័យ៧នាក់ ឈ្មោះ កង ភារី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ កាន់ សៅលី ម្ចាស់កាំភ្លើង ឡុក , ឈ្មោះ ដន សុខុម អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៉ុណ្ណារ៉ា អ្នកបាញ់ , ឈ្មោះ ម៉ាន់ ប៊ុនណ្ណារែក អ្នកបាញ់ , ឈ្មោះ នី សុភាក់ អ្នកបាញ់ និង ឈ្មោះ ព្រីង ឡង់ឌី អ្នកបាញ់ ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ថ្មីៗនេះ បញ្ជាក់ថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩ លោក កង ភារី បានយកអាវុធខ្លីរបស់ខ្លួនមួយដើមម៉ាក Lock ធ្វើសកម្មភាពឈរបាញ់បោះសេរីចំនួន៣គ្រាប់ នៅក្នុងបរិវេណសាលាស្រុកសំរោងទង ពីខាងត្បូងចំណុចមាត់ស្រះទឹក ។លុះដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៨៖៣០នាទី លោក កង ភារី បាននាំកូនចៅផឹកស៊ីស្រវឹង អួតអាង ហើយបានយកកាំភ្លើងមកឈរបាញ់បោះ បន្ថែមទៀត ។
ប្រជាពលរដ្ឋ បានរិះគន់បញ្ហានេះ ថា ខ្លួនជាសមត្ថកិច្ច គប្បីធ្វើជាគំរូដល់ប្រជាពលរដ្ឋ មិនគួរណា ផឹកស៊ីស្រវឹង អាងបាញ់បោះសេរី បែបនេះ សោះ ។ ទន្ទឹមនេះ ប្រជាពលរដ្ឋ ក៏បានគាំទ្រចំណាត់ការរបស់ថ្នាក់លើ ផងដែរ ដែលបានចាត់វិធានការ ភ្លាមៗ ចំពោះលោក កង ភារី។ផេង ភាព