ភ្ញៀវទេសចរជាច្រើនបានសម្រុកទៅលេងនៅតាមតំបន់រមណីយដ្ឋានជាច្រើនកន្លែងក្នុងខេត្តបាត់ដំបង ដែលមានទាំងភ្ញៀវជាតិ និងអន្តរជាតិចំនួនជាង១៣ ម៉ឺននាក់នៅក្នុងរយៈពេល០៥ថ្ងៃនាថ្ងៃឈប់សម្រាក ដែលរាជរដ្ឋាភិបាលបានសងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ។
យោងតាមរបាយការណ៍ជាផ្លូវការរបស់លោកអ៊ុចអ៊ុ ភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងរយៈពេល០៥ ថ្ងៃ នាថ្ងៃឈប់សម្រាកដំបូង គឺថ្ងៃទី ១៧ និងថ្ងៃទី២១ សីហា ឆ្នាំ២០២០នេះ មានចំនួនភ្ញៀវទេសចរដែលទៅកម្សាន្ត សរុបចំនួន១៣២,៥២៤ នាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិចំនួន៨២៥ នាក់ ។ ក្នុងរបាយការណ៍បានឲ្យដឹងបន្ថែមថា ស្ថានភាពជាក់ស្ដែង ម្ចាស់រមណីយដ្ឋាន និងគោលដៅទេសចរណ៍ក្នុងខេត្តភាគច្រើនបានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឲ្យបុគ្គលិកពាក់ម៉ាស់ វាស់កម្ដៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។
ខេត្តបាត់ដំបងមានមណីយដ្ឋាននិងគោលដៅទេសចរណ៍ជាច្រើនដូចជា ៖ -រមណីយដ្ឋានប្រាសាទ បាណន់ , រមណីយដ្ឋានភ្នំសំពៅ, រមណីយដ្ឋានឯកភ្នំ,រមណីយដ្ឋានអាងកំពីងពួយ, រមណីយដ្ឋាន ចំការស្វាយ, រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន,រមណីយដ្ឋាន ទឹកធ្លាក់៥៣ ភ្នំព្រឹក, រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក, រមណីយដ្ឋានភ្នំកំពូល, រមណីយដ្ឋាន ចំការធុរេនអូរតង, សហគមន៍អេកូទេសចរណ៍ ទឹកធ្លាក់អូរជាំ រមណីយដ្ឋាន ល្អាងភ្នំប្រាំពីរ, មណ្ឌលកម្សាន្ត ឡូរី ជើងភ្នំបាណន់ សួនទឹកសុភមង្គល សួនទឹកហ្គោលឌិនហ៊ីន និង ផ្ទះផ្កា ជាដើម។
ក្នុងថ្ងៃទី១៩ សីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយអំវិធាការការពារជំងឺកូវីដ ១៩ នៅតំបន់ទេសចរណ៍ ឡូរីជើងភ្នំបាណន់ ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមអមដំណើរដោយ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ លោកអភិបាលស្រុកឯកភ្នំ លោកអភិបាលរងស្រុកសង្កែផងដែរ។
នៅក្នុងដំណើរចុះសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមកលេងកំសាន្តក្នុងរមណីយដ្ឋានទេសចរណ៍ ឡូរីជើងភ្នំបាណន់នេះដែរ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត ក៏បានផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងពេលថ្ងៃឈប់សម្រាកនេះផងដែរ។ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា នារយៈពេលថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃនេះ មានសភាពល្អប្រសើរ ដោយភ្ញៀវទេសចរណ៍បានដើរលេងកម្សាន្ត តាមរមណីយដ្ឋានមានសុវត្ថិភាពល្អ ពុំមានបញ្ហាអសន្តិសុខអ្វីនោះទេ ហើយបញ្ហាសុខសុវត្ថិភាពនេះ ក៏ជំរុញទៅមន្ទីរទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តថែរក្សាជូនភ្ញៀវទេសចរណ៍ ឲ្យបានដើរលេងកម្សាន្តសប្បាយតទៅទៀត ។
លោកបន្ថែមទៀតថា ក្នុងឱកាសថ្ងៃឈប់សម្រាក សងជំនួសនូវពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខកខានដោយសារតែស្ថានភាពកូវីដ-១៩កន្លងទៅ ហើយត្រូវបាន សម្តេច តេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានកំណត់ឲ្យឈប់សងជំនួសវិញក្នុងរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ខែសីហាឆ្នាំ២០២០នេះ ទាំងមន្ត្រីរាជការស៊ីវិល បុគ្គលិកកម្មករ និងបងប្អូនប្រជាលរដ្ឋទូទាំងប្រទេសបាននាំគ្នាឈប់សម្រាក ដើម្បីធ្វើដំណើរទៅស្រុកកំណើត ទៅដើរលេងកម្សាន្ត និងទៅកាន់តំបន់ទេសចរណ៍នានានៅតាមបណ្តាខេត្ត និងនៅតាម តំបន់រមណីយដ្ឋានមួយចំនួនផ្សេងទៀត ក្នុងស្រុក។
បើតាមការអះអាងពីលោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹង ពីស្ថានភាពជាក់ស្ដែង របស់ ម្ចាស់រមណីយដ្ឋាន និងនៅគោលដៅទេសចរណ៍ក្នុងខេត្ត ភាគច្រើន គឺ៖ បានចូលរួមអនុវត្តទៅតាមគោលការណ៍និងការណែនាំរបស់រាជរដ្ឋាភិបាលនិងពីក្រសួងសុខាភិបាល ដោយបានតម្រូវឲ្យបុគ្គលិកនៅតាមគោលដៅទេសចរណ៍ទៅកម្សាន្ត ត្រូវពាក់ម៉ាស់និងរង់ ចាំវាស់កម្តៅ និងបាញ់អាល់កុល ជូនភ្ញៀវ និងការរក្សានូវគម្លាតសុវត្ថិភាពទៀតផង។ ផ្តល់សិទ្ធដោយកោះសន្តិភាព