ភ្នំពេញ៖ គិតត្រឹមម៉ោង ៧:០០ នាទីព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ ស្ថានភាពកូវីដ១៩ (Covid-19) នៅកម្ពុជាមានអ្នកជាសះស្បើយសរុបទូទាំងប្រទេសចំនួន ២៦៣នាក់ (ស្រី ៥៤ និងបុរស ២០៩) ស្មើនឹង ៩៦,៣៤% នៃអ្នកឆ្លងសរុប។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០។
តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្ពុជាបានព្យាបាលជាសះស្បើយ ៤ នាក់ថ្មីន្ថែមទៀត ដោយមិនមានករណីឆ្លងថ្មីឡើយ។ អ្នកជាសះស្បើយទាំងនោះ ជាជនជាតិខ្មែរ រស់នៅក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងរាជធានីភ្នំពេញ។
បច្ចុប្បន្ន អ្នកជំងឺកូវីដ១៩ នៅកម្ពុជាមានចំនួន ១០នាក់ជាបុរសទាំងអស់ កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ២៧៣នាក់ មានស្រ្តីចំនួន ៥៤នាក់ និងបុរស ២១៩នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា)៕