កីឡាករ Edinson Cavani និង Thiago Silva ត្រូវបានគេរាយការណ៍ថា នឹងចាកចេញពីក្លិប Paris Saint-Germain នៅរដូវក្តៅនេះ។
កីឡាករពីររូបខាងលើនឹងត្រូវផុតកុងត្រាជាមួយ PSG នៅខែមិថុនាខាងមុខនេះ។ ក្លិបនឹងអនុញ្ញាតឱ្យអ្នកទាំងពីរចាកចេញក្រោយបញ្ចប់រដូវកាលនេះ ដើម្បីស្វែងរកទ្រនំថ្មីសម្រាប់ខ្លួនឯង។ ដូច្នេះមានន័យថាវត្តមានពួកគេទាំងពីររូបនេះ នឹងអាចបន្តលេងក្នុងពានរង្វាន់ក្របខ័ណ្ឌ Champions League នៅវគ្គ៨ក្រុមជាមួយ PSG ទៀត។
ទាំងនេះជាការសម្រេចចិត្តដ៏តានតឹងមួយសម្រាប់លោក Leonardo នាយកកីឡារបស់ក្លិប PSG។ លោកថាកីឡាករទាំងពីរូបនេះ ជាអ្នកដែលមានឥទ្ធិពលបំផុតក្នុងការជួយជ្រោមជ្រែងក្លិប ឱ្យទទួលបានជោគជ័យកន្លងមក។ លោកចង់ឱ្យកីឡាករវ័យជ្រេទាំងពីររូបនេះ ចាកចេញដើម្បីស្វែងរកកន្លែងថ្មីមួយដែលស័ក្តិសមសម្រាប់ខ្លួនឯងនៅពេលអនាគត។
គួរឱ្យដឹងដែរថា ខ្សែប្រយុទ្ធ Cavani និងខ្សែការពារ Silva សុទ្ធសឹងតែជាកីឡាករដែលបានលេងឱ្យ PSG ម្នាក់ជិតមួយទសវត្សរ៍ ហើយមានតែពានរង្វាន់ Champions League មួយទេ ដែលពួកគេមិនទាន់ជួយឱ្យក្លិបឈ្នះនៅឡើយ ខណៈពេលដែលពានរង្វាន់នៅក្នុងប្រទេសបារាំងស្ទើរតែទាំងអស់សុទ្ធតែធ្លាប់បានឈ្នះ។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ talksport