ប្រាសាទបាយ័ន (អតីតរាជធានីជ័យគិរី) មានទីតាំងស្ថិតនៅចំកណ្ដាលទីក្រុងអង្គរធំដែលមានចម្ងាយទៅកាន់ខ្លោងទ្វារនីមួយៗគឺ ១.៥ គ.ម ត្រូវបានគេចាត់ទុកជាប្រាសាទរាជ្យ សម្រាប់ឧទ្ទិសដល់ព្រះបាទជ័យវរ្ម័នទី ៧ (១១៨១-១២១៨) និងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។
ប្រាសាទនេះមានបរិវេណទំហំ ៣២,១៤៨ ម៉ែត្រការេ សង់លើខឿនបីជាន់ដែលមានកម្ពស់ខុសៗគ្នា ហើយពីខឿនខាងក្រោមបង្អស់ឆ្ពោះទៅចុងកំពូលកណ្ដាលមានកម្ពស់ប្រមាណ ៤២ ម៉ែត្រ។
មានការយល់ឃើញខុសៗគ្នាពីអត្ថន័យនៃមុខទាំង ៤ របស់កំពូលនីមួយៗដូចខាងក្រោម៖
១. មតិដែលយល់ថាជាព្រះភក្ត្ររបស់ព្រះពោធិសត្វ៖ ព្រះបាទជ័យវរ្ម័នទី ៧ មានជំនឿយ៉ាងមុតមាំទៅលើព្រះពុទ្ធសាសនាមហាយាន ហើយបានគោរពបូជាចំពោះព្រះពោធិសត្វ ” អវលោកេស្វរៈ “។ បើកក្រលេកមើលទៅកំពូលប្រាសាទ គេឃើញព្រះភក្ត្រនីមួយៗរបស់ព្រះពោធិសត្វ ហាក់កំពុងចោលព្រះនេត្រទតមើលពីទេវលោក ឆ្ពោះមកស្ថានមនុស្សលោក ដើម្បីរង់ចាំជួយដោះទុក្ខសត្វលោកទាំងឡាយដែលបានបន់ស្រន់ឲ្យព្រះអង្គជួយ។
២. មតិដែលយល់ថាជាព្រះភក្ត្ររបស់ព្រះបាទជ័យវរ្ម័នទី ៧ ហើយក៏ជាតំណាងឲ្យព្រហ្មវិហារធម៌ទាំង ៤ គឺ មេត្តា ករុណា មុទិតា និង ឧបេក្ខា ដែលព្រះអង្គរមែងប្រកាន់ខ្ជាប់ជានិច្ចចំពោះសុខទុក្ខរបស់ប្រជារាស្ត្រ ដូចមានសិលាចារឹកមួយបានចារថា ” សេចក្ដីទុក្ខវេទនារបស់ប្រជារាស្ត្រ បានធ្វើឲ្យព្រះរាជាឈឺចាប់ទ្វេដងជាងនោះទៅទៀត “។ (មគ្គុទ្ទេសក៍អាណាចក្រអង្គរ ភាគ២)
គួរបញ្ជាក់ថា ប្រាសាទបាយ័នជាប្រាសាទដែលបងប្អូនខ្មែរយើង ក៏ដូចជាទេសចរបរទេស កម្រនឹងរំលងណាស់ព្រោះប្រាសាទនេះស្ថិតនៅជិតប្រាសាទអង្គរវត្តស្រាប់ ហើយទំហំធំមហិមា ព្រមទាំងមានចម្លាក់អំពីជីវភាពប្រជារាស្ត្រខ្មែរសម័យមហានគរ និងជាកន្លែងដែលពេញនិយមសម្រាប់ទេសចរថតរូប ” ច្រមុះទល់ច្រមុះ ” ថែមទៀតផង។
បច្ចុប្បន្ន ប្រាសាទនេះកំពុងស្ថិតនៅក្រោមការជួសជុលនៅផ្នែកជ្រុងឦសាននៃប្រាសាទ និងជាន់ខាងលើនៃប្រាសាទក៏កំពុងបិទជាបណ្ដោះអាសន្នដើម្បីទទួលការជួសជុលផងដែរ។
ចុះអ្នកទាំងអស់គ្នាធ្លាប់បានមកលេងប្រាសាទបាយ័នហើយឬនៅ? មកលេងប្រាសាទ ដឹងប្រវត្តិខ្លះៗផងណា៎ ទើបធ្វើឲ្យដំណើរកម្សាន្តមកកាន់ដែនដីបេតិកភណ្ឌមួយនេះកាន់តែមានតម្លៃ និងធ្វើឲ្យយើងមានអារម្មណ៍រំភើប និងមានមោទកភាពចំពោះស្នាដៃដែលដូនតាយើងបានបន្សល់ទុកឲ្យ កុំឲ្យគេថាមកលេងសៀមរាបមកមើលតែថ្ម!