បើនិយាយពីរឿងដើរលេងវាជារឿងសាមញ្ញមួយទៅហើយ ព្រោះគ្រប់គ្នាសុទ្ធតែធ្លាប់ដើរលេង ប៉ុន្តែការដើរលេងម្នាក់ឯងគឺជារឿងមួយផ្សេងៗទៀត ។ ជាទូទៅ ភាគច្រើនយើងតែងតែស្រមៃដល់ដំណើរកំសាន្ដដ៏រីករាយមួយ ជាមួយក្រុមគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់របស់យើង។ ចុះដើរលេងម្នាក់ឯង សប្បាយដែរហ្ហ? សប្បាយ រឺ អត់ស៊ីសងទៅលើខ្លួនយើង ប៉ុន្តែការដើរលេងម្នាក់ឯងពិតជាបាន ផ្តល់នូវអត្ថប្រយោជន៍ដ៏ពិសេស ដែលពុំអាចរកបានក្នុងការដើរកំសាន្ដជាមួយអ្នកដែលយើងស្គាល់ ។ ការដើរលេងម្នាក់ឯងក្នុង អត្ថបទនេះគឺសំដៅទៅលើការធ្វើដំណើរ តែម្នាក់ឯងសុទ្ធសាទ រឺ ការចូលរួមជាមួយមនុស្សផ្សេងៗដែលមិនដែលស្គាល់គ្នាសោះ។ ខាងក្រោមនេះជាបទពិសោធន៍ និង អត្ថប្រយោជន៍ផ្សេងៗដែលអ្នកនឹងទទួលបានក្នុងការធ្វើដំណើរបែប Solo :
- មានពេលវេលាច្រើនដើម្បីស្វែងយល់ពីខ្លួនឯង: ប្រាកដណាស់ បើសិនជាអ្នកតែងតែដើរជាក្រុមជាមួយមិត្តភក្តិ រឺ គ្រួសារ អ្នកនឹងមានការសំរបខ្លួនទៅតាមផែនការ រឺ ក៏ចំណូលចិត្តរបស់សមាជិកក្នុងក្រុម ដែលពេលខ្លះធ្វើអោយអ្នកបាត់បង់ឱកាសក្នុងការសួរខ្លួនឯងថា យើងចង់ធ្វើអ្វី ចង់បានអ្វីអោយពិតប្រាកដ ។ ពេលដែលអ្នកដើរលេងម្នាក់ឯង ពេលវេលាទាំងអស់គឺជារបស់អ្នក ដូចនេះនឹងជ្រើសរើសធ្វើអ្វីដែលយើងចង់ធ្វើតែប៉ុណ្ណោះ ។ ចង់ដើរពីកន្លែងមួយទៅកន្លែងមួយដោយថ្មើរជើង ចង់សាកញ៉ាំអាហារដែលចំលែងបំផុត ចង់ចូលបារដោយមិនផឹកគ្រឿងស្រវឹង រឺ ចង់ឡើងភ្នំដែលមានភាពលំបាក គឺសុទ្ធសឹងតែជាការសំរេចចិត្តផ្ទាល់ខ្លួន ដោយសំរបទៅតាមអ្វីដែលខ្លួនត្រូវការ។ ធ្វើបែបនេះអ្នក នឹងរកឃើញខ្ឡយនឯងកាន់តែច្បាស់ ថាអ្វីជាគោលដៅ ចំណូលចិត្តរបស់ខ្លួន។
- ដើរចេញពី comfort zone ហើយ បង្កើននូវភាពជាម្ចាស់ការលើខ្លួនឯង:វាជារឿងពិត ដែលការធ្វើដំណើរម្នាក់លើកដំបូងអាចគួរអោយបារម្ភ និង លំបាក។អ្នកអាចនឹងត្រូវចំនាយពេលរៀបចំ កាលវិភាគធ្វើដំណើរដោយខ្លួនឯង ស្វែងរកកន្លែងញ៉ាំអីដោយខ្លួនឯង រឺ ដើរពីកន្លែងមួយទៅកន្លែងមួយនៅពេលយប់តែម្នាក់ឯង ដែលវាអាចនឹងស្តាប់ទៅដូចជាលំបាក និង ក្រោះថ្នាក់ ប៉ុន្តែដឹងអត់ថាពេលដែលអ្នកឈានជើងមួយជំហ៊ានចូលក្នុងការធ្វើដំណើរបែប Solo មួយនេះ គឺមានន័យថា អ្នកបានត្រៀមរួចរាល់ក្នុងការជួបប្រទះនូវរឿងរ៉ាវថ្មីៗផ្សេងៗ ក៏ដូចជាត្រូវធ្វើរឿងផ្សេងៗដោយខ្លួនឯង ដោយមិនមានអ្នកនៅជិតខ្លួនណាចាំជួយ ដែលនេះបានបញ្ជាក់ថាអ្នកបានដើរចេញពី Comfort Zone របស់ខ្លួន និង ក្លាយជាមនុស្សម្នាក់ដែលរឹងមាំ អាចទទួលខុសត្រូវលើខ្លួនឯងបាន ។ជឿទៅ ទោះជាវាអាចនឹងលំបាក រឺ ផ្សងព្រេងមែនតែអ្នកនឹងចេះរកដោះស្រាយ ជាក់ជាពុំខាន ។ បើឃ្លានអ្នកនឹងចេះរកអីញ៉ាំ បើដើរចុកជើងអ្នកនឹងចេះហៅតាក់ស៊ី រឺ ម៉ូតូឌុបជិះហើយ ! មែនអត់?
- មានពេលវេលាគ្រប់គ្រាន់ដើម្បីផ្តោតទៅលើរឿងរ៉ាវ និង អ្វីៗផ្សេងៗដែលអ្នកបានជួបក្នុងការធ្វើដំណើរ : ធម្មតា បើទៅមានគ្នា ប្រាកដជាមិនសូវបានផ្តោតទៅលើអ្វីដែលនូវជុំវិញខ្លួនប៉ុន្មានទេ នៅជាប់ព្រោគប្រាជ្ញ នៅរវល់ថតរូប រឺ ផឹកស៊ីអីជាដើម ។ តែបើអ្នកទៅម្នាក់ឯង ពេលវេលាទាំងអស់ នឹងទំនេរច្រើន។ ឧទាហរណ៍ បើទៅសមុទ្រ អ្នកនឹងមានពេលអង្គុយម្នាក់ឯង ស្ដាប់សំលេងសមុទ្រមើលថ្ងៃលិច អ្នកនឹងទទួលបានការផ្តោតអារម្មណ៍ទៅលើភាពស្រស់ស្អាត របស់សមុទ្រ និង ថ្ងៃលិច ខ្លាំងជាងពេលដែលអ្នកទៅជាក្រុម ។ អ្នកអាចទៅមើលភូមិនេសាទ និង មើលឃើញភាពខុសគ្នានៃជីវិត ពីជ្រុងម្ខាងទៀត ។ អ្នកអាចមានពេលក្នុងការ សន្ទនា រឺ ផ្សារភ្ជាប់ទៅនឹង ប្រជាជននៅទីនោះ ដើម្បីស្វែងយល់ពីរឿងរ៉ាវផ្សេងៗដែលបានកើតឡើងនៅទីនោះ ។
- ទទួលបាននូវជំនាញ រឺ បំនិនជីវិតប្លែកៗបន្ថែម: រាល់ដងពេលដើរលេង តែងតែមានមិត្តភក្តិ ជួយស្រាវជ្រាវព័ត៌មានផ្សេងៗ និងរៀបចំគំរោង រឺ ពួកគេអ្នកកក់សណ្ឋាគារ រឺ ពេលវង្វេងផ្លូវពួកគេជួយស្វែងរកមែនទេ? ចុះបើទៅម្នាក់ឯង? ប្រាកដណាស់ មុនទៅអ្នកនឹងចេះធ្វើការស្រាវជ្រាវពីគោលដៅមួយនោះ រឺ ពីកន្លែងស្នាក់នៅ ។ អ្នកអាចនឹងត្រូវធ្វើការកក់កន្លែងស្នាក់នៅ រឺ មធ្យោបាយធ្វើដំំណើរផ្សេងៗ ដោយខ្លួនឯង ។ ពេលទៅដល់អ្នកនឹងកាន់តែត្រូវម្ចាស់ការ ដូចជាការស្វែងរកផ្លូវ (Google map) ការចេះនូវភាសាក្នុងតំបន់ រឺ ការប្រាស្រ័យទាក់ទងជាមួយ នឹងអ្នករស់នៅតំបន់នោះជាដើម។ បើអ្នកទៅបោះតង់នៅលើភ្នំ អ្នកនឹងចេះពីវិធីតំលើងតង់ បង្កាត់ភ្លើង ចំអិនអាហារសំរាប់ខ្លួនឯង អីជាដើម ។ និយាយរួម អ្នកនឹងទទួលបាននូវ Survival Skill តែម្តង។
- បង្កើនភាពជឿជាក់ និង បង្កើតមិត្តភាពថ្មីៗ: ជឿទេថាការធ្វើដំនើរតែម្នាក់ឯង នឹងជួយអ្នកក្នុងការបង្កើនភាពជឿជាក់? វាពិតជាជួយ ។ ឧទាហរណ៍ អ្នកជាមនុស្សដែលខ្លាច រឺ អៀនច្រើន ប៉ុន្តែនៅពេលដែលអ្នកធ្វើដំណើរតែម្នាក់ឯង គឺអ្នកតំរូវអោយមានការប្រាស្រ័យជាមួយមនុស្សម្នាផ្សេងៗទៀត ដូចជាការសួរនាំផ្លូវ រឺ ការសួររកការណែនាំផ្សេងជាដើម ។ ក្រៅពីនេះ អ្នកក៏នឹងអាចជួបនូវមនុស្សថ្មីៗជាច្រើនដែលគួរអោយចាប់អារម្មណ៍ និង ប្លែកគ្នា ដែលអ្នកអាចនឹងមានអារម្មណ៍ងាយស្រួលក្នុងការ បើកចំហពីខ្លួនឯងច្រើនជាងមុន ។ ពេលខ្លះ ការនិយាយបើកចំហ ពីរឿងរ៉ាវក្នុងចិត្តមួយចំនួន ជាមួយមនុស្សមិនដែលស្គាល់គ្នា អាចនឹងមានភាពងាយស្រួលជាងការប្រាប់ទៅមនុស្សដែលស្និទ្ធស្នាល ។ ទន្ទឹងនឹងនោះ អ្នកក៏នឹងអាចស្វែងរកឃើញនូវមនុស្សដែលមានចំណូលចិត្តដូចអ្នក រឺ មានការយល់ឃើញដូចអ្នក ដែលពេលនោះហើយជាពេលដែល មិត្តភាពថ្មីៗត្រូវបានបង្កើតឡើង ។
- ចាប់ផ្តើមស្រលាញ់ និង អោយតំលៃលើខ្លួនឯងជាងមុន : ក្នុងអំឡុងពេលធ្វើដំណើរ រឺ បន្ទាប់ពីត្រលប់មកវិញ អ្នកអាចនឹង ទទួលបាននូវថាមពល រឺ អារម្មណ៍ដ៍អស្ចារ្យមួយក្នុងការសំរេចរឿងអ្វីមួយដោយខ្លួនឯង ។ សាកស្រមៃបន្តិចទៅមើល អ្នកធ្លាប់ជាមនុស្សដែលខ្លាចច្រើន មិនហ៊ានចូលពិភពលោកខាងក្រៅតែម្នាក់ឯង តែពេលនេះ អ្នកកំពុងស្ថិតនៅរឺ ត្រលប់មកពី ដំណើរកំសាន្ដ Solo ដ៏អស្ចារ្យមួយដែលអ្វីៗត្រូវបានរៀបចំដោយខ្លួនឯងផ្ទាល់ តើអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងខ្លាំងជាងមុនដែរ រឺ ទេ? តើអ្នកនឹងមានអារម្មណ៍ថាខ្លួនឯងរឹងមាំ អាចជំនះលើភាពទន់ខ្សោយរបស់ខ្លួនឯងបាន មែនទេ? មនុស្សភាគច្រើននឹងទទួលបាននូវអារម្មណ៍ រឺ ថាមពលវិជ្ជមានមួយបន្ទាប់ពីធ្វើការសាកល្បង ធ្វើដំណើរតែម្នាក់ឯង ។ “ ខ្ញុំខ្លាច តែខ្ញុំទៅដល់ទីនោះ ហើយត្រលប់មកវិញដោយសុវត្ថិភាព គ្មានអ្វីដែលគួរអោយខ្លាចទៀតនោះទេ“ នេះអាចជាពាក្យក្នុងចិត្ត របស់មនុស្សភាគច្រើនដែលបានទទួលអារម្មណ៍វិជ្ជមានមួយនេះ។
- វាអាចជាការព្យាបាលដ៏ស័ក្តសិទ្ធិ សំរាប់អ្នកដែលកំពុងតែខូចចិត្ត រឺ មានបញ្ហាផ្លូវចិត្ត : មនុស្សមួយចំនួនពេលដែលខូចចិត្ត តែងតែស្វែងរកនូវការជួបជុំ រឺ ការជជែកនានាជាមួយមនុស្សជុំវិញខ្លួន ដើម្បីទទួលបានការគាំទ្រ និង ធ្វើអោយប្រសើរនូវសុខភាពផ្លូវចិត្ត ។ ប៉ុន្តែវាមិនមានប្រសិទ្ធិភាពលើមនុស្សគ្រប់គ្នានោះទេ ជាក់ស្តែង ពេលដែលមានបញ្ហាផ្លូវចិត្ត ខួរក្បាលរបស់យើង ប្រៀបដូចជាសមរភូមិដ៏ក្តៅគគុកមួយ ដែលប្រយុទ្ធនឹងខ្លួនឯង ។ រឿងរ៉ាវរាប់រយ រាប់ព័ន្ធបានផុសឡើង ដែលធ្វើអោយអារម្មណ៍កាន់តែច្របូកច្របល់ ដូចនេះអ្វីដែលសំខាន់សំរាប់ព្យាបាលគឺសន្តិភាពផ្លូវចិត្ត ។ ការធ្វើដំណើរបែប Solo អាចជាជំរើសដ៏មានប្រសិទ្ធិភាពមួយ ។ អ្នកអាចធ្វើដំណើរទៅកន្លែងដ៏ស្ងប់ស្ងាត់មួយ ធ្វើអ្វីដែលអ្នកចង់ធ្វើដោយមិនបាច់ ខ្វាយខ្វល់ ថាអ្នកដទៃនឹងចូលចិត្តវារឺអត់ សំខាន់គឺអ្នកបានផ្គាប់ចិត្តខ្លួនឯងបានច្រើនបំផុត ។ ឧទាហរណ៍ អ្នកអាចនឹងទៅសមុទ្រ ចំនាយពេលពេញមួយថ្ងៃ នៅឆ្នេរ គេងស្ដាប់សំលេងសមុទ្រ អាំងថ្ងៃ ស្តាប់ចំរៀង ដោយមិនចាំបាច់ធ្វើរឿងផ្សេងៗទាំងអស់ និយាយរួម គឺធ្វើខ្លួនអោយក្លាយជាផ្នែកមួយនៃទីនោះ បំភ្លេចរឺជំរុះចោលនូវភាពអវិជ្ជមានទាំងឡាយដែលមានក្នុងចិត្ត អាចនិយាយបានថា A good Place for doing nothing.
មិនថាការធ្វើដំណើរតែម្នាក់ឯង មានសារៈសំខាន់ខ្លាំងប៉ុណ្ណានោះទេ អ្នកត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ចំពោះរឿងរ៉ាវមិនល្អផ្សេងៗដែលអាចកើតមានឡើងដោយចៃដន្យ ។ មិនថាក្នុងកាលៈទេសៈនេះ ការធ្វើដំណើរបែប Solo នេះ សមស្របសំរាប់អ្នក រឺ អត់នោះទេប៉ុន្តែក្នុង ចំនុចណាមួយនៃឆាកជីវិតរបស់យើង គួរសាកល្បងម្តង ដើម្បីដឹងថាតើវាអាចជួយយើងក្នុងការអភិវឌ្ឍខ្លួនឯងបានច្រើនដល់កំរិតណា ។
អត្ថបទនេះ ត្រូវបានសរសេរឡើងដោយផ្អែកលើការយល់ឃើញ និង បទពិសោធជាក់ស្ដែងរបស់អ្នកនិពន្ធផ្ទាល់តែប៉ុណ្ណោះ។