សាលាឆាន់ជាសំណង់សម្រាប់ព្រះសង្ឃឆាន់ចង្ហាន់រៀងរាល់ថ្ងៃនិងសម្រាប់ធ្វើពិធីបុណ្យផ្សេងៗ សម្រាប់ពុទ្ធបរិស័ទធ្វើពិធីសុំសីល៤ដងក្នុងមួយខែ ព្រមទាំងសម្រាប់អ្នកស្រុកជួបជុំគ្នាក្នុងកិច្ចការសង្គមជាដើមផង។
ជាទូទៅខ្មែរសាងសាលាឆាន់អោយមានទំហំធំទូលាយអាចដាក់មនុស្សបានច្រើនហើយធ្វើពីឈើក្រាលក្តារឬរនាប ឬមួយសាងជាសាលាថ្ម និងខ្ពស់ផុតពីដី ដំបូលរាងជាផ្ទះខ្មែរ ឬកិង, រោងដោល, បុិត ឬមួយរាងផ្សេងៗ។ តាមទម្លាប់ពីមុនគេធ្វើសាលាឆាន់ដាក់ជហ្វាតែ២ប៉ុណ្ណោះដើម្បីកុំអោយច្រឡំនឹងព្រះវិហារ។
ជាធម្មតា សាលាឆាន់គេពុំសូវធ្វើជញ្ជាំងបិទបាំងជិតឈឹងទេ គឺគេគ្រាន់តែធ្វើបង្កាន់ដៃ ឬបាំងជញ្ជាំងទាបត្រឹមចង្កេះ ហើយទុកអោយមានលំហល្វឹងល្វើយ។ មូលហេតុដែលខ្មែរសង់សាលាឆាន់មិនបិទជិត ឬធ្វើបង្អួចធំៗដោយសារ៖
១. ពន្លឺនិងខ្យល់រត់ចេញចូលបានល្អ
២. មិនឈ្លក់ផ្សែងធូប មិនហប់ ឬមិនស្អុះស្អាប់ខ្លាំង
៣. មិនលាន់ឮសំឡេងខ្លាំងពេកពេលសូត្រធម៌
៤. មិនធំក្លិនចំណីអាហារងំខ្លាំង
៥. ងាយស្រួលបោស ជូត លាងជម្រះ ហើយឆាប់ស្ងួត…៕
សង្ខេបពីអត្ថបទ និងរូបភាព៖ សាស្ត្រាចារ្យ ព្រាប ចាន់ម៉ារ៉ា