Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនកោតសរសើរកម្ពុជាគ្រប់គ្រងបាននូវការឆ្លងរាលដាលជំងឺកូវីដ-១៩

លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​កោតសរសើរ កម្ពុជា​ដែល​កំពុង​គ្រប់​គ្រង​បាន​នូវ​ការ​ឆ្លងរីក​​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​សហគមន៍​អន្តរជាតិ កំពុង​ប្រឈម​ជាមួយ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

ការ​លើក​របស់​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​នេះ ​ខណៈ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ នៅ​ទូ​ទាំង​ពិភព​លោក​កើនឡើង​ដល់​២២,៨៣០,៧៥៣​នាក់ ក្នុង​នោះ​អ្នក​បាត់បង់ជីវិត​ចំនួន​៧៩៦,២៧៥​នាក់ និង​ជា​សះ ស្បើយ ចំនួន​១៥,៤៩៧,៨០៤​នាក់​។

ដោយឡែក​នៅ​កម្ពុជា​វិញ គិតមក​​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២១ សីហា បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​កូ​វី​ដ​-១៩ ចំនួន​២៧៣​នាក់ ក្នុង​នោះ​អ្នក​ព្យាបាល​ជា​សះស្បើយ ចំនួន​២៥៩​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប​១៤​នាក់​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ សីហា នេះ បាន​ឲ្យ​ដឹង​ថា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ បញ្ជាក់​ថា «​សហគមន៍​អន្តរជាតិ កំពុង​ប្រឈម​ជាមួយ​ការ​រីក​រាលដាល​នៃ​ជំងឺ កូ​វី​ដ​១៩​នៅ​ទូ​ទាំង​ពិភពលោក​។​ខ្ញុំ​សូម​កោតសរសើរ ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​គ្រប់គ្រង បាន​នូវ​ការ​ឆ្លង​រាលដាល​នេះ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​ពាក់ព័ន្ធ​ក្រោម​ការ​ដឹក នាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​កិច្ចសហការ​របស់​ប្រជាជន​»​។

លោក​បន្ដ​ថា ជប៉ុន បាន​នាំមុខ​ក្នុង​សហគមន៍​អន្តរជាតិ​ជួយ​ដល់​ប្រទេស​ដែល​មាន ប្រព័ន្ធ​សុខាភិបាល​មាន​កម្រិត ដើម្បី​ទប់ទល់​នឹង​កូ​វី​ដ​១៩​។ ចំពោះ​កម្ពុជា ប្រទេស​ជប៉ុន​កំពុង​ចូលរួម​ចំណែក​តាម​រយៈ​ការ​ផ្តល់​សម្ភារៈ​ពេទ្យ (​អាវ​ពេទ្យ​សម្រាប់​ការពារ និង​ស្រោមដៃ​ជាដើម​)​នៅ​ខែកុម្ភៈ​កន្លង​មកនេះ និង​ការ​ផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ និង​កែ​លម្អ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ក្នុង​ទឹកប្រាក់​ប្រមាណ​៤,២០០​លាន​យ៉េន ព្រមទាំង​ជំនួយ​បច្ចេកទេស​តាម និង​សម្ភារៈ​ផ្សេង​ៗ​ក្នុង​ទឹកប្រាក់​ប្រមាណ​១​ពាន់​លាន​យ៉េន តាម​រយៈ​អង្គការ​អន្តរជាតិ​ផង​ដែរ​។

លោក​បន្ថែម​ថា ចំណែក​នៅ​ក្នុង​វិស័យ​ឯកជន ក្រុមហ៊ុន​ជប៉ុន​កំពុង​សហការ​ក្នុង​ការ​ផ្តល់​កម្មវិធី​អប់​រំជា​App និង​កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត រួម​ទាំង​អង្គការក្រៅរដ្ឋាភិបាល​ជប៉ុន​ក៏​បាន​កំពុង​ផ្សព្វផ្សាយ​នូវ​វិធានការ​បង្ការ​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​គាំទ្រ​ដល់​កុមារ​ដែល​មិន​អាច​ចូល​រៀន​ដោយសារ​ការ​បិទ​សាលារៀន​។ ជាមួយ​គ្នា​នេះ ក៏​មាន​វេជ្ជបណ្ឌិត​ជនជាតិ​ជប៉ុន​មួយ​ចំនួន បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​បំពេញការងារ​ការ​វះកាត់​បន្ទាន់ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាជន​កម្ពុជា​ផង​ដែរ​។

លោក​អះអាង​ថា ចំណាត់ការ​លើ​វិធានការ​កូ​វី​ដ​១៩​ទាំងនេះ ក៏​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​មាន​ភាពរឹងមាំ​ផង​ដែរ​។ ដើម្បី​ពង្រឹង​ទំនាក់ទំនង​នេះ​បន្ថែម​ទៀត យើង​នឹង​បន្ត​កិច្ច​ពិភាក្សា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​បើក​ឡើង​វិញ​នូវ​ការ​ផ្លាស់​ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន​ក្នុង​វិស័យ​ធុរកិច្ច​តាម​លក្ខណៈ​សម​ស្រប​នឹង​ការ​ការពារ​ការ​ឆ្លង​រាលដាល​សារ​ជា​ថ្មី​នៃ​កូ​វី​ដ​១៩​។ ម្យ៉ាងវិញទៀត ខ្ញុំ​ក៏​មាន​បំណង​ជម្រុញ​នូវ​សាមគ្គីភាព​ឆ្ពោះទៅ​រក​ការ​ស្តារ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ក្រោយ​ពេល​ដែល​ការ​រីក​រាលដាល​កូ​វី​ដ​១៩​នេះ​ត្រូវ​បាន​បញ្ចប់​ផង​ដែរ ។

ជាង​នេះ​ទៅ​ទៀត រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​លើក​ឡើង​ថា កម្ពុជា​ស្ថិត​នៅ​ទី​កណ្តាល​នៃ​ច្រករបៀង សេដ្ឋកិច្ច​ភាគ​ខាងត្បូង​ដែល​ត​ភ្ជាប់​តំបន់​មេគង្គ និង​ពាក់កណ្តាល​នៃ​ចំនួន​ប្រជាជន ជា​យុវជន​វ័យក្មេង និង​ស្វាហាប់​អាយុ​ក្រោម​២៥​ឆ្នាំ ដែល​នេះ​ជា​សក្តានុពល​ធ្វើ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី មាន​ភាព​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត​។

សូម​រំលឹក​ថា បើ​តាម​មន្ដ្រី​ក្រសួងការបរទេស​ខ្មែរ បាន​ឲ្យ​ដឹង​ថា លោក ម៉ូ​តេ​ហ្គី តូ​ស៊ី​មី​ត្សឹ រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន នឹង​អញ្ជើញ​មក​ដល់​កម្ពុជា នៅ​ល្ងាច​ថ្ងៃ​ទី​២១ សីហា នេះ​។​ដោយ​លោក នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី ២១-២៣ ខែសីហា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។ ខណៈ​ដែល​លោកបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នឹង​ជួប​ពិភាក្សា​ការងារ​ជា មួយ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស ដើម្បី​បន្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេស​ទាំង​ពីរ​កាន់ តែ​រីក​ចម្រើន​ថែម​ទៀត​៕ រក្សាសិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9611271