លោក ធីម ឃុក (Tim Cook) បានបន្តតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ពីលោក ស្ទីវ ចបស៍ (Steve Jobs) អស់ប្រមាណ ៩ឆ្នាំមកហើយ ។ ក្នុងរយៈពេល ៩ឆ្នាំមកនេះ មនុស្សជាច្រើនតែងតែព្យាយាមប្រៀបធៀបអ្នកដឹកនាំទាំងពីររូបជាពិសេសក្នុងផ្នែកដឹកនាំ និងគ្រប់គ្រងក្រុមហ៊ុន ។
យោងទៅតាមសេចក្តីរាយការណ៍មួយរបស់ The Wall Street Journal បានឲ្យដឹងថា លោក ឃុក ស្តាប់តាមដំបូន្មានសំខាន់មួយពីលោកចបស៍ដាច់ខាត ។ ហើយដំបូន្មាននោះគឺ «កុំចាំសួរថាខ្ញុំនឹងធ្វើអ្វី ។ ធ្វើអ្វីដែលអ្នកគិតថាត្រូវ» ។
យោងទៅតាមសេចក្តីរាយការណ៍ខាងលើ ក្រុមហ៊ុន Apple នៅក្រោមការគ្រប់គ្រងរបស់លោក ឃុក មានបរិស្ថានធ្វើការល្អជាងពេលដែលនៅក្រោមការគ្រប់គ្រងរបស់លោកចបស៍ដែលធ្លាប់ជាមនុស្សដែលវក់វីនឹងការធ្វើការ ។ ប៉ុន្តែអ្វីដែលមានលក្ខណៈស្រដៀងគ្នារវាងអ្នកដឹកនាំទាំងពីររូបនេះ គឺអ្នកទាំងពីរជាមនុស្សដែលទាមទារខ្ពស់ពីមនុស្សជុំវិញខ្លួន និងជាមនុស្សដែលយកចិត្តទុកដាក់លើចំណុចតូចៗផងដែរ ។
លោក ឃុក ក្រោកពីដំណេកទតាំងពីម៉ោង ៤ព្រឹកជារៀងរាល់ព្រឹក និងពិនិត្យមើលតួលេខនៃការលក់ជុំវិញពិភពលោក ។ រាល់ថ្ងៃសុក្រ លោកឃុក ជួបជាមួយនឹងក្រុមការងារផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុប្រចាំក្រុមហ៊ុន ។
ពេលដែល Apple ច្រឡំនាំចេញកុំព្យូទ័រ ២៥ គ្រឿងសម្រាប់ប្រទេសជប៉ុន ទៅកូរ៉េខាងត្បូងនោះ លោកឃុកមានការខឹងយ៉ាងខ្លាំង និងបានប្រាប់ទៅបុគ្គលិកថា កំហុសឆ្គងមួយនេះបង្ហាញថា Apple កំពុងតែបាត់បង់ការប្តេជ្ញាក្នុងការសម្រេចបានឧត្តមភាព ។
ក្រៅពីនេះហើយ សេចក្តីរាយការណ៍ខាងលើបានប្រទះឃើញថា លោក ឃុក ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់ណាស់ពេលដែលបង្កើតផលិតផលថ្មីៗក្នុងទីផ្សារ ។ ពេលដែលវិភាគលើគំនិតថ្មីៗ លោក ឃុក ភាគច្រើនមិនយល់ស្របឡើយជាពិសេសសម្រាប់ផលិតផលដែលលោកគិតថា នឹងមិនលក់បានច្រើនព្រោះវាអាចប៉ះពាល់ដល់លទ្ធផលរបស់ក្រុមហ៊ុនទាំងមូល ៕ (យោងតាមប្រភពពី indiatimes.com) រក្សាសិទ្ធដោយកោះសន្តិភាព