Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

៣មេរៀនជីវិតដែលមនុស្សគ្រប់គ្នា គួររៀនតាមមហាសេដ្ឋីស្រីម្នាក់នេះ !

មហាសេដ្ឋី បា​បា​រ៉ា ខូ​ខូ​រ៉ា​ន (Barbara Corcoran) ជា​សហគ្រិន និង​និ​យោគិន​ដ៏​ជោគជ័យ​មួយ​រូប​ប្រចាំ​ស​ហេ​ដ្ឋ​អា​មេ​រិ​ក ប៉ុន្តែ​ភាព​ជោគជ័យ​ទាំងនេះ​មិនកើត​មាន​ឡើង​ក្នុង​រយៈពេល​ខ្លី​ទេ ។ ផ្ទុយ​មក​វិញ អ្នកស្រី​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ដើម្បី​កសាង​ទ្រព្យសម្បត្តិ​តាំងពី​បាតដៃ​ទទេ ។

អ្នកស្រី​ធ្លាប់​មាន​ជីវភាព​ក្រីក្រ​ពេល​ដែល​នៅ​វ័យក្មេង ។ ប៉ុន្តែ​អ្នកស្រី​បន្ត​មាន​ភាព​ស្រមើល​ស្រ​ម៉ៃ​ខ្ពស់ និង​បង្ហាញ​ពី​ទេព​កោសល្យ​ក្នុង​ផ្នែក​អាជីវកម្ម​តាំងពី​នៅ​វ័យក្មេង​ផង​ដែរ ។ នៅ​អាយុ ២៣​ឆ្នាំ អ្នកស្រី​រក​ចំណូល​បាន​គ្រប់​តែ​សម្រាប់​ការ​ចាយវាយ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ​ខណៈ​ដែល​ធ្វើ​ជា​អ្នក​រត់​តុ​មុន​នឹង​ជួប​ជាមួយនឹង​ស្វាមី​របស់​អ្នកស្រី​គឺ​លោក រ៉ា​ម៉ូ​ន ស៊ី​ម៉ូ​ន (Ramone Simone) ។

ស្វាមី​អ្នកស្រី​បាន​ឲ្យ​អ្នកស្រី​ខ្ចី​លុយ ១​ពាន់​ដុល្លារ​ដើម្បី​ចាប់ផ្តើម​អាជីវកម្ម​អចលនទ្រព្យ​មួយ មុន​នឹង​ចាក​ចេញពី​ភរិយា​ដើម្បី​ទៅ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លេខា​របស់​ខ្លួន ។ រឿង​ដ៏​ជូរ​ចត់​ទាំងនេះ​បាន​ជំរុញ​ទឹកចិត្ត​អ្នកស្រី​រហូត​អាច​កសាង​ក្រុមហ៊ុន Corcoran Group ដ៏​ធំ​មួយ ។ សម្រាប់​មនុស្ស​ទូទៅ ជា​ពិសេស​សហគ្រិន អ្នក​អាច​រៀនសូត្រ​បានជា​ច្រើន​ពី​មហាសេដ្ឋី​រូប​នេះ ។

១. អតីតកាល​របស់​អ្នក​មិនមែន​ជា​ជីវិត​របស់​អ្នក​ទាំងស្រុង​ទេ

អ្នកស្រី​បាន​ចែក​រំលែក​ម្តង​ហើយ​ម្តងទៀត​ថា ការ​ធំធាត់​ឡើង​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​ជា​កត្តា​សំខាន់​ដែល​នាំ​យក​ភាព​ជោគជ័យ​មក​ឲ្យ​អ្នកស្រី ព្រោះ​ក្មេង​ដែល​ក្រីក្រ​មិន​ខ្លាច​បាត់បង់​អ្វី​ទេ​ព្រោះ​ពួក​គេ​គ្មាន​អ្វី​ឲ្យ​បាត់បង់​ឡើយ ។

អ្នកស្រី​មិន​បាន​អនុញ្ញាត​ឲ្យ​ស្ថាន​ការ​គ្រួសារ​បង្ក​ជា​ឧបសគ្គ​សម្រាប់​អ្នកស្រី​ឡើយ ។ បន្ទាប់​ពី​ស្វាមី​បាន​ចាកចេញ​ទៅ អ្នកស្រី​ក៏​មិន​អនុញ្ញាត​ឲ្យ​ការ​ខកចិត្ត​នេះ​រារាំង​អ្នកស្រី​មិន​ឲ្យ​សម្រេច​គោលដៅ​ក្នុង​ជីវិត​ដែរ ។

២. ពិន្ទុ​មាន​សារៈសំខាន់ តែ​ការ​មាន​ទឹកចិត្ត​ពុះពារ​ក៏​មាន​សារៈសំខាន់​ដែរ

អ្នកស្រី​មិនមែន​ជា​សិស្ស​ពូកែ​ខ្លាំង​ឡើយ​ពេល​ដែល​សិក្សា​នៅ​វិទ្យាល័យ និង​សាកលវិទ្យាល័យ ។ អ្នកស្រី​ថែម​ទាំង​ធ្លាក់​មុខ​វិជ្ជា​ជា​ច្រើន​ទៀត​ផង​ពេល​សិក្សារ​នៅ​វិទ្យាល័យ ។

អ្នកស្រី​មិន​មាន​សមត្ថភាព​ក្នុង​ការ​អាន​បាន​ល្អ​ដូច​មិត្ត​ដទៃ​ទេ ។ ប៉ុន្តែ​អ្នកស្រី​ជា​ឧទាហរណ៍​ជាក់ស្តែង​បង្ហាញ​ឲ្យ​ឃើញ​ថា​ទោះជា​ពិន្ទុ​ក្នុង​ការ​សិក្សា​មាន​សារៈសំខាន់​ពិតមែន ការ​ពុះពារ​ក៏​មាន​សារៈសំខាន់​ដែរ ហើយ​អ្នក​មិន​ចាំបាច់​ត្រូវការ​ពិន្ទុ​ខ្ពស់​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​ទេ ។

៣. អ្នកមាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​សំឡេង

ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ញូយ៉ក​ពោរពេញ​ទៅ​ដោយ​មនុស្ស​ប្រុស ។ អ្នកស្រី​ធ្លាប់​បាន​ចែករំលែក​មក​ថា ទោះជា​ស្ត្រី​មាន​សមត្ថភាព​ខ្ពស់​ពិតមែន​ក្តី ពួក​គេ​ភាគច្រើន​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​របស់ ឬ​គ្រប់គ្រង​ដោយ​មនុស្ស​ប្រុស​ទៅ​វិញ ។

អ្នកស្រី​បាន​ចែក​រំ​លែ​ក​ដំបូន្មាន​សម្រាប់​ស្ត្រី​ៗ​ដទៃ​ថា អ្នក​មិន​ចាំបាច់​ព្យាយាម​ធ្វើខ្លួន​ឲ្យ​ដូច​បុរស​ៗ​ទាំងនោះ​ទេ តែ​អ្នក​ត្រូវ​ចេះ​ប្រើ​ភាព​ជា​នារី​របស់​ខ្លួន​ដូច​ជា​ជំនាញ​មួយ​ចំនួន​ដែល​ស្ត្រី​ភាគច្រើន​ពូកែ​ជាង​មនុស្ស​ប្រុស​ដូច​ជា​ការ​សម្របសម្រួល ការ​ចេះ​ដាក់ខ្លួន និង​ការ​ចែករំលែក​គុណសម្បត្តិ​ជាមួយ​អ្នក​ដទៃ​ជាដើម ៕ (យោងតាម​ប្រភពពី www.entrepreneur.com) រក្សាសិទ្ធដោយកោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9611251