ប៉ូលិសបារាំងបានប៉ះទង្គិចជាមួយសកម្មជនដែលធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រឆាំងនឹងការរើសអើងជាតិសាសន៍ និងការចោទប្រកាន់អំពើដ៏ឃោរឃៅរបស់ប៉ូលិស។
ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងទៅលើក្រុមបាតុករ ដែលគប់ដុំថ្មហើយព្យាយាមរៀបចំការហែក្បួនគ្មានច្បាប់អនុញ្ញាត ។
ការប្រមូលផ្តុំរបស់បាតុករនេះ គឺជាផ្នែកមួយរបស់ចលនាទូទាំងពិភពលោក ដែលត្រូវបានបំផុសគំនិតដោយក្រុមបាតុកម្មតវ៉ាដែលហៅថា Black Lives Matter នៅសហរដ្ឋអាមេរិក។
បាតុកម្មនៅបារាំងនេះ ត្រូវបានរៀបចំឡើងក្រោមពាក្យស្លោក “យុត្តិធម៌សម្រាប់ អាដាម៉ា (Adama)” បន្ទាប់ពី Adama Traoré បុរសស្បែកខ្មៅម្នាក់ដែលបានស្លាប់ នៅក្នុងការឃុំឃាំងរបស់ប៉ូលិសបារាំង កាលពីឆ្នាំ ២០១៦ ។
បាតុករប្រឆាំងនឹងការរើសអើងជាតិសាសន៍នេះ មានសរុបប្រមាណ ១៥,០០០ នាក់ ។ ពួកគេបានប្រមូលផ្តុំគ្នានៅទីលាន de la République នៅកណ្តាលទីក្រុងប៉ារីស កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
បាតុករនាំគ្នាស្រែកពាក្យស្លោក ដូចជា “គ្មានយុត្តិធម៌ គ្មានសន្តិភាព” ។ អ្នកខ្លះឡើងលើរូបសំណាក Marianne ដែលជានិមិត្តរូបនៃសាធារណរដ្ឋបារាំង ។
ក្នុងចំណោមអ្នកតវ៉ាទាំងនោះ មានអ្នកស្រី Assa Traoré បងស្រីរបស់ Adama ផងដែរ បានអំពាវនាវឲ្យពួកបាតុករ “ បរិហារក្នុងសង្គមប្រកាន់ពូជសាសន៍, អំពើហិង្សា និងប៉ូលិស” ។
អ្នកស្រីបានបន្ថែមថា “អ្វីដែលកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ក៏កំពុងកើតឡើងនៅប្រទេសបារាំងដែរ ។ បងប្អូនយើងកំពុងតែស្លាប់” ។
ទោះបីជាក្រុមបាតុករ ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំក៏ដោយ ក៏ពួកគេត្រូវបានរារាំងដោយប៉ូលិសពីការដើរដង្ហែក្បួនទៅកាន់តំបន់អូប៉េរ៉ា ( Opera) ។
ការដើរហែក្បួនត្រូវបានហាមឃាត់ ដោយសារតែភ័យខ្លាចគំរាមកំហែងដល់អាជីវកម្មក្នុងស្រុក ។
ការប៉ះទង្គិចបានផ្ទុះឡើង ហើយឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានបាញ់ នៅពេលដែលក្រុមមន្រ្តីបានរុះរើប្រឆាំងនឹងក្រុមអ្នកតវ៉ានៅលើទីលាន de la République ។
កាសែត Le Parisien បានផ្សាយថា មនុស្ស ២៦ នាក់ត្រូវបានចាប់ខ្លួនយកទៅសាកសួរដោយប៉ូលិស ។ នៅពេលល្ងាចក្រុមបាតុករបានបែកខ្ញែកគ្នា ។
ការធ្វើបាតុកម្មតូចៗត្រូវបានធ្វើឡើងនៅក្នុងទីក្រុងនានា របស់បារាំង រួមទាំងនៅទីក្រុង Lyon និងទីក្រុង Marseille ផងដែរ។
ក្រុមឃ្លាំមើលប៉ូលិសបារាំងនិយាយថា ខ្លួនបានទទួលពាក្យបណ្តឹងជិត ១ ៥០០ ប្រឆាំងនឹងមន្រ្តីកាលពីឆ្នាំមុន ដែលពាក់កណ្តាលក្នុងចំណោមពួកគេ រងចោទប្រកាន់ពីបទប្រើអំពើហិង្សា ។
ក្នុងករណីមួយកាលពីពេលថ្មីៗនេះ ប៉ូលិសត្រូវបានគេចោទប្រកាន់ថា បានធ្វើឱ្យក្មេងប្រុសអាយុ ១៤ ឆ្នាំម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរនៅពេលដែលក្មេងប្រុសនោះត្រូវចាប់ឃុំខ្លួន ក្រោមចោទប្រកាន់ពីបទព្យាយាមលួចម៉ូតូ មួយគ្រឿង នៅទីតំបន់ Bondy ក្បែរទីក្រុងប៉ារីស កាលពីខែមុន ។
កាលពីថ្ងៃច័ន្ទ លោក Christophe Castaner រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសហាមប្រាមប៉ូលិស មិនឲ្យប្រើវិធីសាស្រ្តចាប់ក្រៀកក ជនសង្ស័យដែលឃាត់ខ្លួនពាក់ព័ន្ធនៅក្នុងករណីអ្វីមួយ។
ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ាបាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវដោយចោទប្រកាន់ប៉ូលិសបារាំងពីបទប្រើអំពើព្រៃផ្សៃទៅលើជនជាតិភាគតិច ។
លោក Castaner បានប្តេជ្ញាថា នឹងមានការអត់ឱនដល់បាតុករបាតុកម្មរឿងរើសអើងជាតិសាសន៍ នៅក្នុងការអនុវត្តច្បាប់របស់កងកម្លាំងសមត្ថកិច្ច ហើយមន្ត្រីដែលសង្ស័យថាបង្កហិង្សាទៅលើបាតុកររើសអើងជាតិសាសន៍នោះ នឹងត្រូវប្រឈមព្យួរការងារ ។
ការថ្លែងរបស់រដ្ឋមន្ត្រីមហាផ្ទៃបាននាំឲ្យមានប្រតិកម្មតប់តពីក្រុមប៉ូលិស និងមន្រ្តីប៉ូលិស ដែលបានបដិសេធថា មានការរើសអើងជាតិសាសន៍នៅក្នុងជួរកងកម្លាំងរបស់ពួកគេ ។
កាលពីថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ ក្រុមមន្ត្រីប៉ូលិសបារាំងខ្លះ បានប្រមូលផ្តុំគ្នានៅទីលាន Champs-Élysées បោះខ្នោះដៃរបស់ពួកគេនៅលើដី ដែលជាសកម្មភាពប្រឆាំងតវ៉ាផងដែរ ។
បារាំងគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបានឃើញរលកដើរហែក្បួនបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍ ដែលបានយកគំរូតាមក្រុមបាតុកម្មតវ៉ាថ្មីបំផុត គឺក្រុម Black Lives Matter នៅសហរដ្ឋអាមេរិក ។
បាតុកម្មបានបង្កឡើងបន្ទាប់ពីមរណភាពរបស់លោក George Floyd ជាជនជាតិអាមេរិកាំង-អាហ្វ្រិក ដែលត្រូវបានស្លាប់នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ក្រោមស្នាដៃប៉ូលិសទីក្រុង Minneapolis ។ ប៉ូលិសបានលុតជង្គង់សង្កត់ក George Floyd រយៈពេលជិត ៩ នាទី ។
កាលពីថ្ងៃសុក្រប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា វិធីសាស្ត្រក្រៀកក គួរតែត្រូវបានបញ្ចប់ ៕ ប្រែសម្រួលដោយ៖ thach yat