សមត្ថកិច្ចកំពុងតែតាមចាប់ខ្លួនជនសង្ស័យម្នាក់ដែលគេកំណត់ថា ជាមុខសញ្ញាវាយសម្លាប់បុរសម្នាក់ ក្រោយពេលផ្ទុះជម្លោះនៅក្នុងវង់ផឹកស៊ី កាលពីម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ នៅចំណុចថ្លុករាំង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ។ នេះបើតាមការឱ្យដឹងពីមន្ត្រីជំនាញដែលបានចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ។
បើតាមមន្ត្រីបានឱ្យដឹងថា នេះជាអំពើឃាតកម្ម ដែលដំបូងគេមិនបានស្គាល់អត្តសញ្ញាណជនដៃដល់ទេ ប៉ុន្តែក្រោយពីសាក្សីនានាបានបំភ្លឺប្រាប់សមត្ថកិច្ច ទើបមន្ត្រីជំនាញកំណត់បាននូវមុខសញ្ញា និងបានដាក់ការសង្ស័យទៅបុរសម្នាក់ដែលកំពុងរត់គេចខ្លួន។
មន្ត្រីជំនាញបានប្រាប់ថា ជនរងគ្រោះឈ្មោះ មិត នី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិរលួស ឃុំមោង ស្រុកមោងឬស្សី តែបានទៅស្នាក់នៅធ្វើចំការនៅកន្លែងកើតហេតុខាងលើ។ ហើយជនរងគ្រោះមានស្នាមរបួសធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងបានបាត់បង់ជីវិតនៅលើផ្លូវមួយកន្លែង។ គេមិនទាន់ដឹងឱ្យជាក់លាក់អំពីមូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះកើតឡើងនៅឡើយទេ។
កោះសន្តិភាព បានព្យាយាមសុំការបំភ្លឺជុំវិញករណីខាងលើនេះពីលោកប៉ាង ហៀង អធិការស្រុកគាស់ក្រឡ តែលោកមិនលើកទូរស័ព្ទ។
ប៉ុន្តែបើតាមប្រភពព័ត៌មានបានឱ្យដឹងថា កាលពីយប់គេឃើញមនុស្សប៉ុន្មាននាក់ មានទាំងជនរងគ្រោះផង បានផឹកស៊ីជុំគ្នា ហើយបន្ទាប់មកស្រាប់តែឃើញមានផ្ទុះជម្លោះតែម្ដង។ ប្រភពបញ្ជាក់ថា បន្ទាប់ពីផ្ទុះជម្លោះដែលមានប្រវាយប្រតប់គ្នាផង ហាក់បានស្ងប់ និងបែកហ្វូង តែលុះព្រឹកឡើងក៏ស្រាប់តែគេឃើញជនរងគ្រោះដេកបាត់បង់ជីវិតនៅក្បែរផ្លូវ ដោយឃើញមានស្នាមរបួសពេញផ្ទៃមុខ ទើបមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។
យ៉ាងណាក៏ដោយ បើតាមសមត្ថកិច្ចបានប្រាប់ថា ពេលនេះមន្ត្រីការិយាល័យជំនាញកំណត់មុខសញ្ញាជនដៃដល់បានហើយ ហើយក៏កំពុងតាមប្រម៉ាញ់ផងដែរ ខណៈជននោះកំពុងលាក់ខ្លួននៅតាមចំការនៅតំបន់នោះ៕ រក្សាសិទ្ធដោយកោះសន្តិភាព