កីឡាករ Saul Niguez ខ្សែបម្រើរបស់ក្លិប Atletico Madrid បានចេញមកបដិសេធរាល់ការលេចឮដំណឹងថាខ្លួននឹងផ្លាស់ទៅក្លិប Manchester United នៅក្នុងរដូវក្តៅខាងមុខនេះ។
កាលពីមួយរយៈមុនមានសារព័ត៌មានធំៗជាច្រើនបានចុះផ្សាយព្រោងព្រាតថា ខ្សែបម្រើ Niguez បានបង្ហោះសារមួយនៅលើប្រព័ន្ធ Instagram របស់គេថាខ្លួននឹងចាកចេញពីក្លិបនៅពេលឆាប់ៗខាងមុខ ហើយគេបានសន្និដ្ឋានថានេះជាក្លិប Man Utd។ យ៉ាងណាមិញ ក្លិប Man Utd ក៏ត្រូវបានគេយល់ថាមានការចាប់អារម្មណ៍មកលើខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះផងដែរ។
យ៉ាងណាក៏ដោយ បើយោងតាមការអះអាងពីសាមីខ្លួនផ្ទាល់នៅក្នុងកាសែតបានបញ្ជាក់ថា ចំពោះរឿងបង្ហោះសារនៅក្នុងគណនី Instagram ថាចង់ទៅលេងនៅក្លិបដទៃ គឺគេពិតជាមិនបានដឹងអ្វីទាំងអស់។
កីឡាកររូបនេះបានបញ្ជាក់ប្រាប់កាសែត Marca ថា៖ “តាមពិតទៅខ្ញុំមិនដែលបានធ្វើវាទេ ខ្ញុំកំពុងផ្តោតលើការបញ្ចប់រដូវកាលនេះ ដោយចង់ឱ្យក្លិបស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងបួន(Top 4) ក្នុងលីគ ដើម្បីមានឱកាសលេងក្នុងក្របខ័ណ្ឌ Champions League ។ ខ្ញុំមានកុងត្រារយៈពេលវែងនៅទីនេះ (Atletico) ហើយខ្ញុំចង់ស្នាក់នៅទីនេះបន្តទៀត។ ខ្ញុំមិនមានបញ្ហាអ្វីជាមួយក្លិបទេ ហើយគ្រួសាររបស់ខ្ញុំក៏ចង់នៅទីនេះដែរ ព្រោះវាជាផ្ទះរបស់ខ្ញុំ “។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ goal