ម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿង ត្រូវបានយុវជនចិត្តខ្លាំងម្នាក់ ដុតកម្ទេចចោលសល់តែគ្រោងឆ្អឹង នៅខាងក្រោយផ្ទះ ខណៈយុវជនរូបនេះ រកជីដូនមិនឃើញនៅក្នុងផ្ទះ ដើម្បីសុំលុយយកទៅសងគេ។
ហេតុការណ៍ដុតម៉ូតូនេះ ត្រូវបានភ្ញាក់ផ្អើល កាលពីម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
យុវជនម្នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកស្ទោងធ្វើការឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹង ពីជីដូនរបស់ខ្លួន។
លោកវរសេនីយ៍ទោ វ៉ន សុភ័ណ្ឌ អធិការរងនគរបាលស្រុកស្ទោងទទួលផ្នែកព្រហ្មពណ្ឌ ប្រាប់ឱ្យដឹងថា ជនសង្ស័យខាងលើនេះឈ្មោះ កាក់ ដាវីត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅតំបន់កើតហេតុខាងលើ ជាមួយនឹងជីដូនជីតា ចំណែកឪពុកម្តាយជនសង្ស័យបាននាំគ្នាធ្វើចំណាកស្រុកទៅធ្វើការជាពលករនៅឯប្រទេសថៃអស់ហើយ។
ជនសង្ស័យរូបនេះ បានសារភាពថា មូលហេតុដែលនាំឲ្យរូបគេខឹងនឹងជីដូនរហូតដុតម៉ូតូនេះ ដោយសាររូបគេកន្លងមក ធ្លាប់ប្រើប្រាស់គ្រឿងញៀន ហើយក៏បានខ្ចីលុយបងប្អូនក្នុងភូមិមួយចំនួនយកមកចាយវាយ ដោយសន្យាថា ចាំទៅសុំលុយពីយាយរបស់គេមកសងវិញ៕ ដោយ៖ត្នោត